(ភ្នំពេញ)៖ រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង បេក្ខជនក្រុមប្រឹក្សាសង្កាត់ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន៦ខ្សែបន្ថែមទៀត អមដោយការដាក់ប្រព័ន្ធលូចំនួន៤ខ្សែ និងជួសជុលលុបសំបុកមាន់ផ្លូវបេតុងចំនួន ៣ខ្សែ ស្ថិតក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក ខណ្ឌដង្កោ។
គម្រោងដែលបានបើកការដ្ឋានស្ថាបនារួមមាន៖
-ស្ថាបនាផ្លូវបេតុងចំនួន ០៦ខ្សែ ប្រវែងសរុប ១០៥៧ម៉ែត្រ
-ដាក់ប្រព័ន្ធលូចំនួន ០៤ខ្សែ ប្រវែងសរុប ៤៩៦ម៉ែត្រ
-ជួសជុលលុបសំបុកមាន់ ផ្លូវបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ៦៨៦ម៉ែត្រ។
សូមបញ្ជាក់ថា ផ្លូវបេតុងរហូតជាង២០ខ្សែហើយ ត្រូវបានរដ្ឋបាលខណ្ឌចុះបើកការដ្ឋានជាបន្តបន្ទាប់ និងសឹងតែរាល់ថ្ងៃតែម្តង ដែលមួយខ្សែៗមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ ដូច្នេះផ្លូវទាំងជាង២០ខ្សែនេះ បើគិតជាទឹកប្រាក់ គឺរហូតដល់លានដុល្លារ។
មន្រ្តីសាលាខណ្ឌដង្កោ ក៏បានលើកឡើងថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលមេបក្សតែងតែប្រកាសថា នៅពេលជាប់ឆ្នោត នឹងទម្លាក់លុយទៅឲ្យមេឃុំ ឬចៅសង្កាត់រហូតដល់៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះ ជាការភូតភរសុទ្ធសាធ ពោលខាងរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរថា្នក់ក្រោមជាតិ បានចំណាយលុយរាប់ម៉ឺន រាប់សែន និងរហូតដល់ខ្ទង់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស។
ជាក់ស្តែងនៅថ្ងៃនេះ សមិទ្ធផលផ្លូវបេតុងថ្មី២ខ្សែនេះ និងប្រព័ន្ធលូថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ បញ្ជៀសការលិចលង់ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។
លោកអភិបាល បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។ ជាមួយគ្នានេះ លោកអភិបាលក៏បានសំណូមដល់បងប្អូន ប្រជាពលរដ្ឋសូមមេត្តាជួយតាមដាន ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាល មកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕