(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយក្រុមយុវជន និងសមាជិកាសមាគមនារីខេត្ត សរុបជិត៣០០នាក់ មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ក្នុងគោលបំណង ផ្សព្វផ្សាយ និងរំលឹកអំពីតួនាទី ភារកិច្ច អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។

ពិធីនេះ ត្រូវបានធ្វើឡើង២ទីតាំងផ្សេងគ្នា ដែលទីតាំងទី១ ធ្វើឡើងនៅសាលប្រជុំសណ្ឋាគារ ខេអឹម ពោធិ៍សាត់ និងទីតាំងទី២ ធ្វើឡើងនៅសាលប្រជុំ មជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់ ដោយបានការចូលរួមពីលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីខេត្ត, លោក សេង ហុង សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងសមាជិកសមាជិកា ជាអ្នកសង្កេតការណ៍បោះឆ្នោតយ៉ាងច្រើនកុះករ។

លោក សេង ហុង បានធ្វើបទបង្ហាញ អំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ សម្រាប់អ្នកសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតជាតិ អន្តរជាតិ ត្រូវរួបរួមគ្នាគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន មានគោលជំហរអព្យាក្រឹត មិនលំអៀង និងធ្វើឡើងដោយសុចរិត និងតម្លាភាព។ លោកបានជម្រាបជូនពាក់ព័ន្ធ បម្រាម និងសម្រង់ទោសបញ្ញត្តិក្នុងច្បាប់ ស្តីពីការបោះឆ្នោត នៅមុន ក្នុងពេល និងក្រោយពេលនៃការបោះឆ្នោត ដល់អ្នកសង្កេតការណ៍ ព្រោះថាការប្រតិបត្តិតាមក្រមសីលធម៌ ធ្វើឲ្យបរិយាកាសនៃដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន កាត់បន្ថយនូវអំពើហឹង្សា លើកស្ទួយកិត្យានុភាពលើឆាកអន្តរជាតិ និងការជឿទុកចិត្តរវាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។

លោក ម៉ៅ ធនិន និងលោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា នេះជាពេលវេលាមួយដ៏មានតម្លៃ សម្រាប់ក្រុមយុវជន និងសមាជិកាសមាគមនារីខេត្តយើង ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងការិយាល័យនីមួយៗ នៃក្រុងពោធិ៍សាត់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ថ្នាក់ដឹកនាំទាំង២បានលើកឡើងថា ដើម្បីសម្រេចគោលដៅនេះ យើងជាអ្នកសង្កេតការណ៍ ត្រូវតែគោរពច្បាប់ បទបញ្ជា និងក្រមសីលធម៌ ដែលជាមាគ៌ា ឆ្ពោះទៅរកភាពជោគជ័យ។ ថ្នាក់ដឹកនាំទាំង២បានជម្រុញឲ្យអ្នកសង្កេតការណ៍ សូមទៅឲ្យបានមុន ត្រូមមានឯកសារ សម្ភារៈបម្រើការងារ មានស្មារតីខ្ពស់ក្នុងការទទួលខុសត្រូវ បើមានសភាពការណ៍អ្វីកើតឡើង ត្រូវចេះរាយការណ៍ និងសុំយោបល់ឲ្យទាន់ពេលវេលា និងសំណូមពរជាដាច់ខាត មិនត្រូវធ្វើអ្វីឲ្យប្រាសចាកពីក្រមសីលធម៌អ្នកសង្កេតការណ៍ឡើយ។

ជាមួយគ្នានោះ ត្រូវមានសុទិដ្ឋិនិយមថា មានកិច្ចសហការ សាមគ្គីគ្នា និងបំពេញការងារ ទៅតាមតួនាទី និងភារកិច្ច ដែលទាំងនេះពិតជានាំមកនូវភាពថ្លៃថ្នូរ កាត់បន្ថយនូវអំពើហឹង្សា ជម្លោះ និងការរើសអើងនៃការបែងចែកនិន្នាការនយោបាយផ្សេងៗគ្នា៕