(ភ្នំពេញ)៖ បន្ទាប់ពីត្រូវជនអនាមិកយកទៅគ្រប់គ្រងជាង១០ថ្ងៃ, នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសថា Facebook របស់លោក និង Facebook របស់ក្រសួងយុត្តិធម៌ ត្រូវបានយកមកគ្រប់គ្រង ទាំងស្រុងវិញហើយ។
លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា Facebook Page ផ្លូវការរបស់ក្រសួងយុត្តិធម៌ និងFacebook Page ផ្លូវការរបស់ខ្ញុំផ្ទាល់ ត្រូវបានគ្រប់គ្រងទាំងស្រុង ដោយក្រុមការងាររបស់ក្រសួងយុត្តិធម៌វិញ ហើយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយពីក្រុម Hacker បានលួចចូលគ្រប់គ្រងតាំងពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧!»។
សូមជម្រាបថា Facebook ក្រសួងយុត្តិធម៌ និង Facebook Page របស់លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានឈ្មោះថា «Kim Santepheap-គឹម សន្តិភាព» ត្រូវបានជនអនាមិកលួចយក (HACK) ទៅបាត់ហើយ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។
ក្រោយមកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសម្រេចដាក់ពាក្យប្តឹងទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីតាមចាប់ខ្លួន អ្នកលួចចូលគ្រប់គ្រង (Hack) Facebook Page របស់ក្រសួងយុត្តិធម៌ និង Facebook Page របស់លោកផ្ទាល់ផងដែរឈ្មោះ «Kim Santepheap-គឹម សន្តិភាព»៕