(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម នៅថ្ងៃទី៣១ ឧសភានេះ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មការិនី ប្រមាណ៨,០០០នាក់ នៅរោងចក្រខាលីងតុន ក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ, លោក គួច ចំរើន អនុប្រធានថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងក្រុមការងារជាច្រើននាក់ទៀត។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងថា ស្រុកយើងបានសុខសន្តិភាព ដែលមិនធ្លាប់មានក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមប្រវត្តិសាស្រ្តយើងបានឆ្លងកាត់សង្រ្គាម និងសន្តិភាព តែមានការបែងចែកទឹកដី គ្មានការឯកភាពទឹកដីដូចសព្វថ្ងៃឡើយ។ ដោយសារបានសុខសន្តិភាព ទើបកសាងបានប៉ុណ្ណឹង កន្លងមក មានអ្នកចង់បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម ដោយដើរឃោសនាលាបពណ៌ បញ្ឆេះកំហឹងក្នុងចំណោមប្រជាជនឱ្យស្អប់អ្នកមាន អ្នកកាន់អំណាច និងចោទថាពួកយើងក្បត់ជាតិ, នេះហើយជាអ្វីដែលយើងមើលឃើញថា ពួកនេះនឹងនាំឱ្យមានចលាចល និងកើតសង្រ្គាម។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បន្ដថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ដែលមានស្ពានថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរាប់មិនអស់ តែពួកបក្សប្រឆាំងថា យើងអសមត្ថភាពក្នុងការដឹកនាំ និងមិនបានធ្វើអ្វីទាំងអស់ ជាក់ស្តែង បក្សប្រឆាំងឯនោះទេដែលមិនមានសមត្ថភាពដឹកនាំ និងគ្រប់គ្រង សូម្បីតែទូរទស្សន៍ មិនអាចបើកបានផង មានសមត្ថភាពឯណាមកដឹកនាំប្រទេស។ យើងខំរកការងារ ឲ្យបងប្អូនកូនចៅយើង ដោយទាក់ទាញវិនិយោគិនឲ្យមកបើករោងចក្រ តែពួកអ្នកប្រឆាំងទៅឃាត់
កុំឲ្យថៅកែមករកស៊ីនៅស្រុកខ្មែរ ហើយចោទថាយើងក្បត់ជាតិ ឯពួកគាត់ស្នេហាជាតិ។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំគិតគូរដំឡើងប្រាក់ខែជូនកម្មករ និងមន្ត្រីរាជការ ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះ កម្មករបានប្រាក់ខែគោល១៥៣ដុល្លារក្នុងមួយខែ ហើយរាជរដ្ឋាភិបាល ក៏បានគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឲ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ លើសពីនេះ ពេលចាស់កម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។
ទន្ទឹមនឹងនោះផងដែរ កម្មករ-កម្មការិនី បានសម្ដែងសេចក្ដីរីករាយយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានគិតគូរគ្រប់ជ្រុងជ្រោយ ដល់ពួកគាត់ ពិសេសប្រឹងប្រែងស្វែងរកឱកាសការងារជាច្រើនពួកគាត់ និងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ៕