(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ ពោលគិតចាប់តាំងពីឆ្នាំ២០១៤មក កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ២០នាក់បានស្លាប់ និងរងរបួសក្នុងពេលបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា ដែលរងគ្រោះដោយសារភ្លើងសង្រ្គាម។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងបញ្ជាក់ដូច្នេះក្នុងពិធីប្រគល់ទឹកប្រាក់ប្រមាណ ៧ម៉ឺនដុល្លាររបស់ អង្គការសហប្រជាជាតិជាសំណងជូនសពវរសេនីយ៍ត្រី លុយ ប៊ុនឡុង។ ពិធីប្រគល់ថវិកាសំណងដែលធ្វើឡើង នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា គិតពីឆ្នាំ២០១៤ មកទល់នឹងពេលបច្ចុប្បន្ន កម្លាំងមួកខៀវកម្ពុជា ០៩នាក់ បានស្លាប់បាត់បង់ជីវិត ដែលក្នុងនោះ ៤នាក់ស្លាប់នៅប្រទេសម៉ាលី និង ៥នាក់ នៅប្រទេសអាហ្វ្រិកកណ្ដាល ហើយ ១១នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ ១០នាក់នៅប្រទេសម៉ាលី និងម្នាក់នៅអាហ្វ្រិកកណ្ដាល។

បើតាមលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងចំណោមកម្លាំងមួកខៀវកម្ពុជា ដែលពលីនេះ អង្គការសហប្រជាជាតិ បានផ្តល់សំណងជូនក្រុម គ្រួសារសពបានចំនួនពីរហើយរួមមាន៖ សពលោកវរសេនីយ៍ត្រី ចាន់ សំគុណ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មនៅប្រទេសម៉ាលី និងសពលោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង ដែលបានពលីជីវិតនៅប្រទេសអាហ្រ្វិកកណ្តាលកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ដោយសារជំងឺគ្រុនចាញ់។

លោក ប្រាក់ សុខុន បានឲ្យដឹងថា សពលោកវរសេនីយ៍ត្រី ចាន់ សំគុណ ទទួលបានសំណង ៧៥,០០០ដុល្លារ ដែល ៥,០០០ដុល្លារសម្រាប់រៀបចំបុណ្យសព។ ដោយឡែកសពលោកវរសេនីយ៍ត្រី លុយ ប៊ុនឡុង ទទួលបានប្រាក់សំណង ៧០,០០០ដុល្លារ។

រីឯសពរបស់កងកម្លាំងកម្ពុជាពីររូបផ្សេងទៀត មិនទទួលបានសំណងពីអង្គការសហប្រជាជាតិនោះទេ ដោយអង្គការសហប្រជាជាតិថា មរណភាពនោះ ខុសពីលក្ខខណ្ឌកំណត់។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល ក៏បានជួយជ្រោមជ្រែងចាត់ចែងរៀបចំធ្វើពិធីបុណ្យសព និងឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារផងដែរ។

សម្រាប់សពកងកម្លាំងកម្ពុជា ដែលបានពលីជីវិតកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅប្រទេសអាហ្រ្វិកកណ្តាល ហើយទើបដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ គឺគណៈកម្មាធិការជាតិ សហការជាមួយមជ្ឈមណ្ឌលជាតិ កំពុងរៀបចំបែបបទតាមនីតិវិធីរបស់អង្គការសហប្រជាជាតិ ទៅទីបញ្ជាការក្នុងទីក្រុងញូវយ៉កតាមរយៈបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ស្នើសុំសំណងក្នុងម្នាក់ ៧០,០០០ដុល្លារអាមេរិក។

អ្នកស្រី សួង សូនឿន ភរិយាសពវរសេនីយ៍ត្រី លុយ ប៊ុនឡុង ក្នុងពិធីទទួលថវិកាសំណងនៅរសៀលថ្ងៃនេះ បានថ្លែងអំណរគុណដល់រាជ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ ក្រុមគ្រួសាររបស់គាត់ ហើយបានប្រឹងប្រែងទាម ទារសំណងពីអង្គការសហប្រជាជាតិ ជូនសពស្វាមីរបស់អ្នកស្រី។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងនៅចំពោះមុខគ្រួសារសព ក៏ដូចជាកងកម្លាំងមួកខៀវកម្ពុជា ក្នុងពិធីប្រគល់ថវិកាសំណងនោះថា លោកពិតជាសោកស្តាយចំពោះការពលីជីវិតរបស់កងកម្លាំងរបស់កម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិភាព និងជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តារងគ្រោះដោយសារភ្លើងសង្រ្គាមនោះ។

លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់កងកម្លាំងកម្ពុជា ដែលកំពុងបំពេញបេសកកម្មការងារនៅក្រៅប្រទេស ក៏ដូចជាអ្នកត្រៀមចេញ ទៅក្តី ត្រូវគោរពច្បាប់ទម្លាប់ និងវិន័យដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ ដើម្បីចៀសវាងនូវបញ្ហាក្នុងពេលបំពេញការងារ។

បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកម្លាំងមួកខៀវកម្ពុជាសរុបចំនួន ៤,៦៨៩នាក់ ក្នុងនោះមានស្រ្ដីចំនួន ១៩៣នាក់ ទៅចូលរួមក្នុងបណ្ដាបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន០៨ មានដូចជា សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្រ្វិកកណ្ដាល, លីបង់, ស៊ីរី, សាយប្រឹស និងប្រទេសម៉ាលី។

បច្ចុប្បន្នកម្លាំងមួកខៀវកម្ពុជាចំនួន៨១៦នាក់ ក្នុងនោះស្ដ្រីចំនួន៥៦នាក់ កំពុងបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំ នៅសាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, អាហ្វ្រិកកណ្ដាល និងម៉ាលី៕