(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សារវាង តំណាងសាលារាជធានីភ្នំពេញ ជាមួយតំណាងគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា អាជ្ញាធរក្រុងភ្នំពេញ បានដាក់លក្ខខណ្ឌចំនួន២ ឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សម្រាប់ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នាថ្ងៃចុងក្រោយ ដើម្បីធ្វើយ៉ាងណាបញ្ជៀសការប៉ះទង្គិចគ្នា ជាមួយក្បួនឃោសនាទ្រង់ទ្រាយធំរបស់គណបក្សប្រជាជនកម្ពុជា។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា លក្ខខណ្ឌទី១ គឺអាជ្ញាធរសាលារាជធានីភ្នំពេញ ស្នើឲ្យគណបក្សសង្រ្គោះជាតិ ហែក្បួនឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំរបស់ខ្លួននៅថ្ងៃទី០១ ខែមិថុនាវិញ ចំណែកថ្ងៃទី០២ ខែមិថុនា គឺទុកឲ្យ គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការហែក្បួនឃោសនាទ្រង់ទ្រាយធំ នៅថ្ងៃបិទបញ្ចប់។ ចំណែកលក្ខខណ្ឌទី២ គឺគណបក្សសង្រ្គោះជាតិ អាចជួបជុំការដង្ហែក្បួនរបស់ខ្លួន នៅទីលានប្រជាធិបេតយ្យថ្មី ហើយកំណត់តម្រាយផ្លូវហែឲ្យបានត្រឹមត្រូវជៀសវាងការដង្ហែប៉ះជាមួយ គណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យសាលរាជធានីភ្នំពេញ បន្តថា ខាងតំណាងគណបក្សសង្រ្គោះជាតិ នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ជុំវិញសំណើរទាំង២ខាងលើនេះ ដោយបញ្ជាក់ថា ខ្លួនរង់ចាំការប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិជាមុនសិន។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សសង្រ្គោះជាតិ ហែក្បួនតាមតម្រាយផ្លូវដូចការជូនដំណឹងរបស់ខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ បានឡើយ ដោយសារតែតម្រាយផ្លូវរបស់គណបក្សប្រឆាំងគ្រោងទុកនោះ ជាន់ជាមួយតម្រាយផ្លូវនៃក្បួនដង្ហែរបស់ គណបក្សប្រជាជនកម្ពុជា។
លោកបន្តថា ការសម្រេចអនុញ្ញាត ឲ្យគណបក្សប្រជាជនកម្ពុជាហែក្បួននៅថ្ងៃទី០២ ខែមិថុនា តែមិនសម្រេចអនុញ្ញាត ឲ្យគណបក្សប្រឆាំង ដោយសារតែគណបក្សកាន់អំណាច បានដាក់សំណើ និងជូនដំណឹងជាមុន ហើយក៏មានការ ឯកភាព និងសម្រេចពីភាគីពាក់ព័ន្ធ រួចរាល់អស់ហើយ។ លោក ម៉េត មាសភក្តី ក៏បានស្នើឲ្យគណបក្សនយោបាយទាំងអស់ មានការយោគយល់គ្នា ដើម្បីសម្រូលឲ្យ ដំណើរការឃោសនារកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយ ប្រព្រឹត្តទៅដោយរលូន។
សូមបញ្ជាក់ថា នាថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួននឹងធ្វើការដង្ហែក្បួនមហាជន បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដោយមានសមាជិកចូលរួមជាង១៥ម៉ឺននាក់ ចាប់ពីផ្លូវសម្តេចតេជោ ហ៊ុន សែន (ហៅផ្លូវ៦០ម៉ែត្រ) រហូតដល់រង្វង់មូលចោមចៅ។
សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានភាពល្អប្រសើរ និងស្មើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បួនប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ សាលារាជធានីភ្នំពេញ សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរតាមទីតាំងជួបជុំ និងខ្សែផ្លូវដង្ហែខាងលើនេះ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់។
ក្រោយមក មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក៏បានប្រកាសហែក្បួនទ្រង់ទ្រាយធំមួយដែរ នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ដោយមានសមាជិកចូលរួមជិត៥ម៉ឺននាក់ផងដែរ៕