(កណ្តាល)៖ ប្រជាពលរដ្ឋស្រុកស្អាង បានសាទរជាមួយចំណាត់ការរបស់លោកអភិបាលស្រុកស្អាងទៅ លើស្ថានីយ៍ប្រេងសាំង «ហ៊ ឡៃផេង» ដែលបង្កឲ្យរាំងស្ទះការស្ថាបនាប្រព័ន្ធលូ និងផ្លូវលេខ២១ អស់រយៈពេលជាច្រើនខែនោះ ដោយនៅពេលនេះត្រូវបានលោក ញឹម វណ្ឌឌិន ដឹកនាំ​កម្លាំងទៅរុះរើកាយលើស៊ីទែនប្រេងសាំងនោះចេញ ដើម្បីស្ថាបនាប្រព័ន្ធលូឲ្យស្របទៅនិងចិញ្ចើម​ផ្លូវ។

​ការចុះទៅកាយរុះរើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើចិញ្ចើម ផ្លូវលេខ២១ កែងបទផ្លូវលេខ២១០ ត្រង់ចំណុចស្ថានីយ៍ប្រេងសាំង «ហ៊ ឡៃផេង» ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង​​។

​មន្ត្រីសាលាស្រុកស្អាង បានបង្ហើបឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុនស្ថាបនាផ្លូវ និងប្រព័ន្ធលូផ្លូវ លេខ២១មានការរាំងស្ទះអស់រយៈពេលជាច្រើនខែ ដោយសារម្ចាស់ស្ថានីយ៍ប្រេងសាំង «ហ៊ ឡៃផេង» មិនសហការជាមួយក្រុមហ៊ុននោះ ដោយទុកស៊ីទែនស្តុកប្រេង នៅចំណុចដែលត្រូវដាក់ប្រព័ន្ធលូផ្លូវ​២១ មិនព្រមជីកកាយលើកចេញបង្ក ឲ្យក្រុមហ៊ុនជួបការលំបាក មិនអាចស្ថាបនាបាន។ ដោយមូលហេតុបែបនេះ ​ទើបលោក​អភិបាលស្រុក បានបានចុះទៅដឹកនាំកម្លាំងយកគ្រឿង​ចក្រ ជីកកាយលើកសឺទែននោះចេញ ដើម្បីឲ្យក្រុមហ៊ុនរៀបចំដាក់ប្រព័ន្ធលូស្រប ទៅតាមស្តង់ដាដែល​ក្រសួងកំណត់។

មហាជនបានលើកឡើងថា ផ្លូវលេខ២១នេះ ខណៈស្ថាបនាត្រូវបានប្រជាពលរដ្ឋរស់នៅតាមបណ្តោយ ផ្លូវទាំងអស់​បានចូលរួមយ៉ាង សស្រាកសស្រាំបំផុត ចំណែកឯក្រសួងសាធារណការ និងដឹកជញ្ជូន បានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋផងដែរ ហើយក្រុមហ៊ុន ក៏បានបើកការស្ថាបនាដោយរលូនចាប់តាំងពីរក្រុងតាខ្មៅរហូត ដល់ព្រំដែនប្រទេសវៀតណាម ប៉ុន្តែនៅចំណុចស្ថានីយ៍ ប្រេងសាំង «ហ៊ ឡៃផេង» មិនចូលរួមសហការ​ ជីកកាយលើកស៊ីទែនចាស់ ដែលកប់នៅ​ចំណុចត្រូវដាក់ប្រព័ន្ធលូ ដែលបង្កឲ្យកកស្ទះ ដំណើរការ នៃការស្ថាបនាប្រព័ន្ធលូ និងផ្លូវលេខ២១ ត្រង់ចំណុចនេះអស់រយៈពេលជាច្រើនខែ ធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរ មកដល់ចំណុចនេះជួបការលំបាក​យ៉ាងខ្លាំង។

ពលរដ្ឋបន្ថែមថា ម្ចាស់ស្ថានីយ៍ប្រេងសាំងនេះ ធ្លាប់បញ្ជៀសផ្លូវឲ្យផុតពីផ្ទះគាត់ម្តងរួច​មកហើយ នៃការស្ថាបនាផ្លូវលេខ២១០ ដែល បច្ចុប្បន្ននេះ ផ្ទះនេះមើលទៅវាហាក់បីដូចជាស្ថិតនៅចំ​​កណ្តាលផ្លូវ ដោយសារតែធ្លាប់បញ្ជៀសរួចបែបនេះ ទើបគាត់ចង់ព្យាយាមមិន ជីកកាយលើកចេញ ដោយខ្លួនឯងបែបនេះ ចង់បញ្ជៀសប្រព័ន្ធលូឲ្យផុតពីស៊ីទែនប្រេងសាំង គាត់ហើយមើលទៅ ប៉ុន្តែម្តង​នេះ ត្រូវបានលោកអភិបាលស្រុក ប្រើវិធានការក្តៅជីកកាយលើកចេញ។

មន្ត្រីអាវុធស្រុកស្អាង បញ្ជាក់ថា កាលពីមុនកម្លាំងចម្រុះចុះទៅស្ថានីយ៍ប្រេងសាំង «ហ៊ ឡៃផេង» ដើម្បីសុំឲ្យម្ចាស់ស្ថានីយ៍នេះ សហការជាមួយក្រុមហ៊ុនស្ថាបនាប្រព័ន្ធលូ និងផ្លូវ ប៉ុន្តែត្រូវបានម្ចាស់​ស្ថានីយ៍ប្រេងនេះ និយាយថា គាត់មិនប្រឆាំង និ​ងការស្ថាបនា ផ្លូវនោះទេ ប៉ុន្តែបើកាយលើកស៊ីទែនចេញក៏កាយទៅ តែបើផ្ទុះគាត់មិនទទួលខុសត្រូវ​​។

មន្ត្រីដដែលបានបន្តថា លុះដល់លោកអភិបាល មានវិធានការក្តៅចុះទៅកាយលើកនោះ គឺគេពុំឃើញ​មានប្រេងសាំងនៅក្នុងស៊ីទែន នោះទេ គឺហូរចេញមកសុទ្ធតែទឹក ដូច្នេះម្ចាស់ស្ថានីយ៍នេះ បានត្រៀមរួច​រាល់អស់ហើយ ប៉ុន្តែប្រើសំដីកំឡាចអ្នកចុះកាយដើម្បីចំណេញ ប្រយោជន៍បន្តទៀតនោះ៕