(កោះកុង)៖ លោក ខ្លូត ប៊ុនធាន បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់លេខរៀងទី១ នៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា បន្ទាប់ពីរូបគាត់ដាក់លិខិតលាលែងចេញពីបក្ស សង្រ្គោះជាតិរួចហើយ ក៏មានបេក្ខជនឈរឈ្មោះ និងសមាជិកជាង២០នាក់ទៀត បានដាក់លិខិតលាលែងតាមរូបគាត់ទាំងអស់គ្នាតែម្តង។ មានន័យថា បេក្ខជន និងសមាជិកទូទាំងឃុំថ្មដូនពៅ ស្រុកថ្មបាំង របស់គណបក្សសង្រ្គោះជាតិ លាឈប់ទាំងអស់គ្នា គ្មានសល់ម្នាក់។

លោក ខ្លូត ប៊ុនធាន បានថ្លែងប្រាប់យ៉ាងដូច្នេះថា «ការលាលែងរបស់ខ្ញុំ មិនមានអ្នកបង្ខំនោះទេ ដោយសារអស់ទឹកចិត្តចំពោះការងារ និងបញ្ហាគ្រួសារ នៅពេលនេះសម្រាប់ឃុំថ្មដូនពៅ គ្មានបេក្ខជន និងសមាជិករបស់គណបក្សសង្រ្គោះជាតិទៀតឡើយ ព្រោះបានលាលែងឈប់ទាំងអស់គ្នាតែម្តង គ្មានអ្នកឈរឈ្មោះទៀតឡើយ»

តាមរយៈលិខិតរបស់​ បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៣រូប (លេខរៀងទី១ ដល់ទី៣) នៅឃុំថ្មដូនពៅ រួមមាន លោក ស៊ី លៀង, លោក ខ្លូត ប៊ុនធាន និង សឿង ធី ដែលសរសេរទៅកាន់ លោក ជិន សុផល ប្រធានប្រតិបត្តិខេត្តកោះកុងរបស់គណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា មូលហេតុ ដែលពួកគេចាកចេញពី គណបក្សសង្រ្គោះជាតិនាពេលនេះ ដោយសារតែបញ្ហាផ្ទាល់ខ្លួន។

ទោះជាយ៉ាងណា បើតាមសមាជិកផ្សេងទៀតរបស់គណបក្សសង្រ្គោះជាតិ ដែលបានចាកចេញពីជាមួយគ្នានេះ បានអះអាងថា ពួកគេបានអស់ជំនឿនឹងការដឹកនាំ របស់ គណបក្សសង្រ្គោះជាតិ ដែលបានតែសន្យាប៉ុន្តែពុំដែលបានអនុវត្តជាក់ស្តែង ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋានរបស់ពួកគេតែម្តង។ ពួកគេពុំដែល ឃើញថ្នាក់ដឹកនាំ បក្សសង្រ្គោះជាតិទៅដល់ និងអភិវឌ្ឍនៅមូលដ្ឋានរបស់ពួកគេទេ ប៉ុន្តែផ្ទុយទៅវិញឃើញតែមន្រ្តីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មួយរយៈពេលនេះ គេសង្កេតឃើញថា សមាជិកគណបក្សសង្រ្គោះជាតិយ៉ាងច្រើន​ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សនេះ ហើយទៅចូលរួមជាមួយ គណបក្សប្រជាជន និងគណបក្សផ្សេងៗទៀត។ មូលហេតុនៃការចាកចេញនេះ ត្រូវបានអះអាងថា ដោយសារបញ្ហាបក្ខពួកនិយម អស់ជំនឿ រួមទាំងពុករលួយជាដើម៕