(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បានជំរុញឲ្យកងទ័ពគ្រប់រូប ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យបាន​គ្រប់ៗគ្នា ។

ការជំរុញបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងស្របពេលដែល លោកអញ្ជើញជាអធិបតីភាពក្នុងពិធី ដោះស្រាយយថាហេតុប្រយុទ្ធ ក្នុងរូបភាពវរសេនាតូចវាយលុកខ្មាំង នៅភូមិសាស្រ្តព្រៃភ្នំ ស្ថិតនៅកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។ ពិធីនេះមានសិក្ខាកាម មកពីកងពលតូច៩១១ បញ្ជាការដ្ឋានកងទ័ពជើងគោក និងកងពលតូចលេខ៧០ ចូលរួមសរុបចំនួនប្រមាណ៩៥នាក់។

ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងពលតូច៩១១ បានរាយការណ៍ថា ការបើកវគ្គហ្វឹកហ្វឺននេះ គឺអនុវត្តតាមផែនការ ឆ្នាំ២០១៧ មានភារកិច្ចហ្វឹកហ្វឺនចំនួន៧វគ្គ កន្លងមកកងពល បានបើកវគ្គហ្វឹកហ្វឺនបាន៣វគ្គរួចហើយ កងពលនឹងបន្តបើកវគ្គហ្វឹកហ្វឺន ជំនាញផ្សេងៗ ជាបន្តទៀត។

បន្ទាប់ពីសិក្ខាកាម បានឡើងរាយការណ៍ដំណាក់កាលនៃយុទ្ធវិធីនីមួយៗចប់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរចំពោះ ស្មារតី និងភាពក្លាហានរបស់សិក្ខាកាម ទាំងអស់ដែលបានអនុវត្តភារកិច្ចប្រយុទ្ធ បានយ៉ាងល្អ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន និងសមត្ថភាពយោធិន ត្រូវតែពង្រឹង ដើម្បីឈានទៅពង្រឹង រប្រៀបការ ពារជាតិ ការពារបូរណៈភាពទឹកដី នៃកម្ពុជា ឲ្យបានរឹងមាំ ជាពិសេសត្រូវយល់ពី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងដំណាក់កាលថ្មី ត្រូវការពារឲ្យបាននូវសន្តិភាព ជូនប្រទេសជាតិជាដាច់ខាត៕