(ត្បូងឃ្មុំ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្ស ប្រជាជនកម្ពុជា បានផ្តាំផ្ញើសកម្មជន សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំជាច្រើនកុះករថា «សូមបងប្អូនបន្តរក្សា កម្លាំងចាស់ និងបន្ថែមកម្លាំងថ្មី បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈរលើអនុសាសន៍ប្តជ្ញាយ៉ាងមុះមត់របស់សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលើកឡើងថា ​​គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ»

ការជួបសំនេះសំណាលនេះ ធ្វើឡើងនៅទីតាំងវិហារឥស្លាម នៅភូមិរការពរប្រាំ ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់ ដែលនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

លោក អូស្មាន ហាស្សាន់ ​បានលើកឡើងថា ​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​មន្រ្តីគណបក្សប្រជាជនកម្ពុជា ពីថ្នាក់លើដល់មូលដ្ឋាន បានកំពុងតែខំប្រឹងយ៉ាងសស្រះសស្រាំ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែទោះបីយ៉ាងណាការខ្វះចន្លោះឬធ្វើឲ្យមាន ការថ្នាំងថ្នាក់ ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មើគ្នានោះដែរ ទោះបីយ៉ាងណា ក្នុងនាម ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោកសូមកោតសតសើរនូវសម្លេងគាំទ្រ​យ៉ាងច្រើនលើសលប់ របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលើលំដាប់ថ្នាក់លេខមួយ ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណៈចលនារូបនេះ បានកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សកម្មជន សមាជិក សមជិកាគណៈ ចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរាល់អាណត្តិកន្លងមក ហើយសូមឲ្យបន្តនូវកិច្ចខំប្រឹងប្រែងនេះ សម្រាប់អាណត្តិជាបន្តបន្ទាប់៕