(បន្ទាយមានជ័យ)៖លោក ហង្ស ស៊ីផា អនុប្រធានចលនាប្រជាជនប្រតិកម្មរហ័ស ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានទទួលស្វាគមន៍ពីប្រធានយុវជន សកម្មជន សមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ និងបក្សផ្សេងៗទៀត ចំនួន១៣៤រូប បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីអស់ក្នុងការដឹកនាំរបស់មេបក្សប្រឆាំង ហើយមានតែគណបក្សប្រជាជនកម្ពុជា ជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងឱកាសនោះ លោក ហង្ស ស៊ីផា បញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាព និងសន្តិសុខរឹងមាំមានលទ្ធិប្រជាធិបតេយ្យ ដែលកំពុងចាក់ឫសកាន់តែជ្រៅក្នុងសង្គម និងមានការគោរពយ៉ាងខ្ជាប់ខ្ជួន នូវសិទ្ធិសេរីភាពរបស់ពលរដ្ឋ វិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត ត្រូវបានស្តារកសាង និងកំពុងអភិវឌ្ឍន៍។
លោកបន្ថែមថា កម្រិតជីវភាពប្រជាជនក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនេះ កម្ពុជាបានធ្វើសមាហរណកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេស ក្នុងការដោះស្រាយកិច្ចការអន្តរជាតិនានា តាមបណ្តាសមិទ្ធផលជាប្រវត្តិសាស្ត្រ។ ទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិន និងការប្រឈមនានាដោយជោគជ័យ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ តាមទិសដៅដ៏ត្រឹមត្រូវ។
សកម្មជនដែលបានចាកចេញ បញ្ជាក់ថា ពួកគេបានសម្រេចដើរចេញពីបក្សសន្យាខ្យល់ ដែលមិនធ្វើអីបន្តិចសោះ បានតែស្រែកសន្យាពីនេះ ពីនោះប៉ុណ្ណោះ ដូច្នេះហើយពួកគេទាំងអស់គ្នាដើរចេញល្អជាជាងគេបោក គេប្រើប្រាស់បានបន្តទៀតឡើយ ហើយសង្ឃឹមថា និងមានសមាជិក សកម្មជនផ្សេងបន្តដើរចេញទៀត៕