(ភ្នំពេញ)៖ ស្រ្តីជាកម្មការិនីម្នាក់ នៅរោងចក្រ «អាកាសេត» មានទីតាំងស្ថិតនៅភូមិទឹកថ្លា ក្នុងសួនវឌ្ឍន២ ផ្លូវជាតិលេខ៣ នៅខណ្ឌដង្កោ បានដួលបណ្តាលឲ្យបែកក្បាលស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ពេលនោះស្រាប់តែបណ្តាលឲ្យកម្មការិនីជិត៣០នាក់ផ្សេងទៀត មានអារម្មណ៍ភ័យ និងតក់ស្លុតរហូតទន់ដៃទន់ជើង ហើយបានដួលសន្លប់តែម្តង។
អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានប្រាប់អង្គភាព Fresh News ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ុន្តែជនរងគ្រោះដែលដួលសន្លប់នោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងមានអាការៈធូរស្រាលហើយ។ បើតាមលោកអភិបាលខណ្ឌ កម្មការិនីដែលស្លាប់នោះឈ្មោះ ខាត់ សាមើ រស់នៅភូមិរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាយុជាង៤០ឆ្នាំ។
លោកអភិបាលខណ្ឌបញ្ជាក់ថា «ជនរងគ្រោះបានដើរដួលនៅក្នុងរោងចក្រ បណ្តាលឲ្យបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះ បានស្លាប់នៅតាមផ្លូវ ដោយមានដំណឹងកម្មករខាងលើស្លាប់ កម្មករធ្វើកា នៅក្នុងរោងចក្របានដួលសន្លប់ជាបន្តបន្ទាប់ ចំនួនប្រមាណ៣០នាក់ហើយ ឥឡូវនេះក្រុមហ៊ុនបានឲ្យកម្មករចេញទៅផ្ទះអស់ហើយ»។
បើតាមលោក នុត ពុធដារ៉ា ការដួលសន្លប់នេះមិនបណ្តាលមកពីពុល ឬកត្តាអ្វីផ្សេងនោះឡើយ គឺហេតុផលមកពីមានកម្មការិនីដួលបោកក្បាល៕