(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវបេតុងមួយខ្សែ (ផ្លូវព្រៃព្រិច) ប្រវែង១១៥០ម៉ែត្រ ដើម្បីបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋប្រើប្រាស់ ដែលជាថវិកាវិភាជន៍របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិសង្កាត់ប៉ោយប៉ែតឆ្នាំ២០១៧ ដោយឆ្លងកាត់ពីរភូមិគឺ ភូមិសាមគ្គីមានជ័យ និងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលជាច្រើនដែល រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋតាមរយៈឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានបានក៏កសាងសមិទ្ធផលជាច្រើនដូចជា សាលារៀន វត្តអារាម មណ្ឌលសុខភាព និងផ្លូវជាតិលេខ៥៧,ផ្លូវជាតិ៥៨ និងផ្លូវជាតិលេខ៥៩ ដែលបានបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនក្នុងនោះ ក៏ជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋផងដែរ។
លោក ង៉ោ ម៉េងជ្រួន បានបន្តថា ក្រោមគោលនយោបាយកាន់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ចុះជួបប្រជាពលរដ្ឋដែលជួបការលំបាកដោយផ្ទាល់ដើម្បីស្វែងយល់ ពីទុក្ខលំបាករបស់គាត់ទាំងអស់គ្នាដូចជាការលើកលែងថ្លៃ សំបុត្រ១០០០រៀល ( ១០ បាត) ដល់ប្រជាពលរដ្ឋចូលទៅទិញទរំនិញក្នុងផ្សារថៃ, និងការទទួលស្គាល់កម្មសិទ្ធស្របច្បាប់របស់ ប្រជាពលរដ្ឋលើដីទំនាស់នៅភូមិទំនប់ក៥ ភូមិចាន់គីរី និងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត។
លោកអភិបាលក្រុង បញ្ជាក់ថា ក្នុងនាមអាជ្ញាធរមិនដែលសន្យាជូនបងប្អូនប្រជាពលរដ្ឋទេ តែតែងធ្វើពិត ដោះស្រាយពិត ផ្តល់សមិទ្ធផលពិតៗជាក់ស្តែង ជាផលប្រយោជន៍ជូនបងប្អូន មិនដូចគណបក្សមួយចំនួនបានតែសន្យាខ្សល់ប៉ុណ្ណោះតែភាពជាក់ស្តែងមិនបានធ្វើអ្វីជូនសង្គមជាតិនោះទេ។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតបានថ្លែងអំណរអគុណចំពោះសមទ្ធិផលថ្មីមួយទៀត ជាផ្លូវបេតុងហើយកន្លងមកផ្លូវនេះពិបាកក្នុងការ ធ្វើចរាចរណ៍ចេញចូលខ្លាំងណាស់។ នាឱកាសនោះប្រជាពលរដ្ឋទាំងអស់បានសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រជានិច្ច ហើយពួកសង្ឃឹមយ៉ាងម៉ុតគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតគ្រប់ៗ អាណត្តិដើម្បីដឹកនាំប្រទេសកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕