(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំមួយ ដល់ម្ចាស់អាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀហ្គាឌិន និងអាជីវកម្មសេវាកម្សាន្តទេសចរណ៍ទាំងអស់ នៅទូទាំងប្រទេស ត្រូវផ្អាកការលក់ដូរគ្រឿងស្រវឹងចំនួន២ថ្ងៃ ក្នុងនោះរួមមាន១ថ្ងៃមុនការបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ពោលគឺក្រសួងមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹង នៅថ្ងៃទី០៣ និងទី០៤ ខែមិថុនា ឆ្នាំ២០១៧ នោះទេ។

តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល បៀហ្គាឌិន និងមូលដ្ឋានអាជីវកម្មសេវាកម្សាន្តទេសចរណ៍នានា នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម រយៈពេល១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ត្រូវចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្ម តាមសារាចរណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ប្រព្រឹត្តិទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និងគ្មានអំពើហិង្សា។

ការណែនាំនេះ គឺអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចកើតមានឡើងដោយសារការពិសាគ្រឿងស្រវឹងនោះ។

សូមរំឭកថា កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីណែនាំមួយដែរ ដោយមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅថ្ងៃទី០៣ និងទី០៤ ខែមិថុនា ឆ្នាំ២០១៧ នោះឡើយ ដើម្បីរក្សាសន្តិសុខសណ្តាប់ និងបញ្ចៀសអំពើហិង្សានានា នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយសារកន្លងទៅ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងភាគច្រើន អាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះ ដែលអាចបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង៕