(ភ្នំពេញ)៖ ពិតជាគួរឱ្យសោកស្តាយ និងគួរឱ្យខ្មាសជំនួស នៅពេលដែលលោក ឡៅ ម៉ុងហៃ អ្នកសិក្សាស្រាវជ្រាវវ័យចំណាស់ម្នាក់ ដែលគេឱ្យរហស្សនាមថា ជាអ្នកវិភាគឯករាជ្យ [លម្អៀងទៅរកបក្សប្រឆាំង] បានសរសេរលិខិតមួយផ្សាយនៅលើទំព័រកាសែតឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៧ ដោយបានបញ្ចេញកំហឹងរបស់ខ្លួនតាមរយៈលិខិតទៅនិពន្ធនាយកក្រោមចំណងជើងថា ៖ «Is Cambodia Going Down the Road to Elimination Again?»។

ហេតុតែគាត់ធ្វើជាអ្នកចេះ គាត់ហ៊ានបំភ្លើសដោយការបកប្រែទាំងមិនខ្មាសអៀន លើប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានថ្លែងទៅកាន់ គ្រឹស្តបរិស័ទ ជាង ៤០០០នាក់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅថា «ដើម្បីជីវិតពលរដ្ឋរាប់លាននាក់ សុខចិត្តកម្ចាត់ចោលមនុស្ស១០០ ឬ២០០នាក់»។ លោក ឡៅ ម៉ុងហៃ ដែលគេចាត់ទុកថា ជាមនុស្សចាស់ទុំឆ្លងកាត់ជាច្រើនជំនាន់ និងទទួលបានសិក្សាជ្រះជ្រៅ បែរជានៅមានគំនិតចាស់ គំរិលលង់លក់នៅក្នុងទ្រឹស្តីរបស់ខ្មែរក្រហម ប៉ុលពត ក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងរបស់អតីត មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ អ៊ីត្លែរ ក្នុងការសម្លាប់រង្គាល លើជនជាតិជ្វីបនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២។ តើពិភពលោកដើរដល់ណាហើយ? ឬលោកឡៃ ម៉ុងហៃ នៅតែយល់ថាខ្លួនកំពុងតែស្ថិតក្នុងរបបណាហ្ស៊ីរបស់អាល្លឺម៉ង់ ឬរបបខ្មែរក្រហម ប៉ុលពត ទៀត? ការពិតមួយគឺលោក ឡៅ ម៉ុងហៃ មិនដែលឆ្លងកាត់ របបខ្មែរក្រហមទេ នៅពេលដែលខ្មែរក្រហមគ្រប់គ្រងប្រទេស កាប់សម្លាប់ប្រជាជន លោករស់នៅប្រកបដោយសេចក្តីសុខនៅឯប្រទេសអង់គ្លេស និងក្រោយមកទៅរស់នៅឯប្រទេសកាណាដាឯណោះ។

សួរថា លោក ឡៃ ម៉ុងហៃ បានស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន រយៈពេលជាងបីម៉ោងនោះ ឬអត់ដើម្បីយល់ពីបរិបទ ហើយការបញ្ចេញទស្សនៈរបស់លោក ឬក៏បានត្រឹមតែអានការដកស្រង់ប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីតាមកាសែត ឌឹ ខេមបូឌា ដេលីទេ បានជាធ្វើឱ្យលោក ឡៃ ម៉ុងហៃ បញ្ចេញទស្សនៈ ខុសនិងមិនឆ្លុះបញ្ចាំងនឹងបរិបទទាំងមូល។ អ្នកខ្លះថាការលើកឡើងរបស់លោក ឡៃ ម៉ុងហៃ គឺជាភាពក្លាហានមួយ ប៉ុន្តែគេដឹងថា អ្វីដែល លោក ឡៅ ម៉ុងហៃ បានលើកឡើងគឺគ្រាន់តែជាសំឡេងរបស់គណបក្សប្រឆាំងតែប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំងពីការ គិតគូរវែងឆ្ងាយនៃអ្នកសិក្សាស្រាវជ្រាវដែលគេតែងទទួលស្គាល់គាត់ឡើយ ព្រោះលោកគឺជាអតីតទីប្រឹក្សាច្បាប់របស់មេបក្សថ្មី កឹម សុខា។

លោក ឡៃ ម៉ុងហៃ គួរតែស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ឱ្យបានច្បាស់ចាំធ្វើការបកស្រាយទើបវាមិនខុសចោលទទេ គឺអ្វីដែលសម្តេចមានប្រសាសន៍ថា «កម្ចាត់» មិនមែនពាក្យ «សម្លាប់» មិនមែន «បំផ្លាញ» ហើយក៏មិនមែនពាក្យថា «កម្ទេច»ដែលខ្មែរក្រហមប្រើប្រាស់ឡើយ។ តើកម្ចាត់ អំពើពុករលួយ មានន័យថា យកអ្នកប្រព្រឹត្តអំពើពុករលួយទៅសម្លាប់ចោលទេ ? តើកម្ចាត់អំពើចោរកម្មមានន័យថាយកក្រុមចោរទៅសម្លាប់ចោលទេ? កម្ចាត់នៅពេលនេះ គឺការអនុវត្តច្បាប់! លោកឡៅ ម៉ុងហៃ គួរតែលះបង់អាស្មិមានៈរបស់ខ្លួន និងអគតិរបស់ខ្លួនចោល ហើយធ្វើការបកស្រាយពាក្យទាំងនេះប្រកបដោយវិទ្យាសាស្ត្រ ទើបអាចឱ្យពលរដ្ឋខ្មែរយល់កាន់តែច្បាស់។

ការបកពាក្យកម្ចាត់ថា Eliminate គឺជាចេតនាបំភ្លៃ ពាក្យនាយករដ្ឋមន្ត្រី ដើម្បីហែកកេរ្តិ៍ខ្មែរឲ្យបរទេសមើល។ តើគាត់ចង់ឲ្យបរទេសឃើញថា យើងមាននាយករដ្ឋមន្ត្រីសាហាវយងឃ្នងមែនទេ? កម្ពុជាមិនមែនភីហ្វីពីនទេ សូមលោក ឡៅ ម៉ុងហៃ ជ្រាប។

ហេតុអ្វីបានជាសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ដើម្បីសេចក្តីសុខ និងអាយុជីវិតរបស់ពលរដ្ឋរាប់លាននាក់ សុខចិត្តកម្ចាត់ចោលមនុស្ស១០០ ឬ២០០នាក់? លោក ឡៃ ម៉ុងថៃ ទំនងក៏ដឹងដែរថានៅក្នុងទ្រឹស្តីនៃការគ្រប់គ្រង រដ្ឋរបស់ទស្សនៈវិទូ ថូម៉ាស ហូបស៍ បានបញ្ជាក់ច្បាស់ណាស់ថា «សុវត្ថិភាពរបស់ប្រជាជនជា ពាណិជ្ជកម្មអាជីព សន្តិភាពពលរដ្ឋគឺជាសុខភាព ការលំបាករបស់ពលរដ្ឋគឺជាជំងឺ ហើយសង្គ្រាមស៊ីវិលគឺជាសេចក្តីស្លាប់»។ កាលដែលសម្តេចតេជោ ហ៊ុន សែន លើកពីបញ្ហានេះព្រោះសម្តេចក្នុងនាមជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាបាន យល់ច្បាស់ណាស់អំពីទ្រឹស្តីនៃការគ្រប់គ្រងរដ្ឋ ការដឹកនាំប្រទេស ធ្វើយ៉ាងណាឱ្យប្រទេសជាតិមានសុខសន្តិភាពនិង ប្រជាពលរដ្ឋមានភាពសុខដុមរមនា។ បរិបទនៅកម្ពុជានៅពេលនេះ ខុសពីបរិបទប្រវត្តិសាស្ត្រកាលពី ៥០ ឆ្នាំមុន ហើយកម្ពុជាជាប្រទេសមួយដែលគេទទួលស្គាល់ថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានអនុវត្ត ទោះបីជាវាមិនល្អឥតខ្ចោះតាមអ្វីដែលលោក ឡៃ ម៉ុងហៃ ចង់ចម្លងមកពីកាណាដា អាមេរិក ឬបារាំង ប៉ុន្តែកម្ពុជាជាប្រទេសដែលដើរឈានមុខគេ នៅក្នុងចំណោមប្រទេសអាស៊ានលើផ្នែកសេរីភាពបញ្ចេញមតិ និងសារព័ត៌មាន។

កម្ពុជាមានរបៀប ដឹកនាំបែបកម្ពុជា ហើយកម្ពុជាពេលនេះក៏មិនមែនជាកម្ពុជាសម័យខ្មែរក្រហមឡើយ ព្រោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាគឺជាអ្នកវាយរំដោះប្រទេស សង្គ្រោះជាតិ និងប្រជាជន សង្គ្រោះសាសនាចេញចេញពីក្រញ៉ាំពួកអាវខ្មៅ។ គណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន ជាអ្នកបញ្ចប់សង្គ្រាម និងនាំសុខសន្តិភាព ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ តើមានហេតុផលអ្វីដែលរដ្ឋាភិបាល និងគណបក្សមួយនេះធ្វើបាបប្រជាជន ខ្លួនឯងនោះ? គណបក្សប្រជាជនដែលដឹកនាំប្រទេសជិត៤០ ឆ្នាំមកនេះគ្មានបំណងអ្វីក្រៅពីការថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានបច្ចុប្បន្ននេះ និងធ្វើឱ្យកាន់តែរីកចម្រើនបន្តសម្រាប់មនុស្សរាប់ជំនាន់ថែមទៀត។ កម្ពុជាមិនចង់ឃើញពីភាពច្រំដែលនៃប្រវត្តិសាស្ត្រឡើយ មិនអាចបានសេចក្តីសុខ ១០ ឬ ២០ ឆ្នាំ វិលទៅរកភ្នក់ភ្លើងសង្គ្រាមឡើងវិញឡើយ បំផ្លិចបំផ្លាញប្រទេស និងធ្វើឱ្យជីវិតប្រជាជនស្លាប់ និងរងរបួសសាជាថ្មី។ ឬមួយក៏លោក ឡៃ ម៉ុងហៃ និងបក្សប្រឆាំង របស់លោកមានផែនការក្នុងការនាំយកនូវិនាសកម្មទាំងនេះមកកម្ពុជាសាជាថ្មី? ដោយសារតែដើម្បីទប់ស្កាត់គ្រោះមហន្តរាយជាយថាហេតុនេះហើយ បានជាក្នុង នាមជាអ្នកដឹកនាំមានការទទួលខុសត្រូវ គឺត្រៀមក្នុងតម្លៃណាក៏ដោយទប់ស្កាត់ការផ្ទុះឡើងនូវសង្គ្រាមសាជាថ្មី។

ការព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ត្រូវបានចែករំលែកដោយប្រជាពលរដ្ឋខ្មែរភាគច្រើនដែរ ដែលបានឃើញបក្សប្រឆាំងកំពុងតែធ្វើនយោបាយ បែបបោកប្រាសរាស្ត្រ ការបញ្ឆេះកំហឹង ការបង្កឱ្យមានភាពស្អប់ខ្ពើម និងប្រកាន់ពូជសាសន៍ ការបណ្តុះឱ្យសកម្មជនហ៊ានជ្រុលទោះបំពានច្បាប់ និងការប្រើប្រាស់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យហួសព្រំដែនបង្កភាព អនាធិបតេយ្យ។ បច្ចុប្បន្ននេះបក្សប្រឆាំងអាចបញ្ឆេះកំហឹងសកម្មជន និងអ្នកគាំទ្រ របស់ខ្លួនបានឱ្យកើតនូវការស្អប់ខ្ពើ់មមនុស្សដូចគ្នាគ្រាន់តែមាននិន្នាការខុសគ្នា និងពេលខ្លះរហូតដល់ប្រើអំពើហិង្សា តើច្បាស់ទេថាបក្សសង្គ្រោះជាតិ ទាំងមូលរួមនឹង កឹម សុខា ម៉ុល ហំម មូរ សុខហួរ អេង ឆៃអ៊ាង យឹម សុវណ្ណ និង ឡៃ ម៉ុងហៃ ខ្លួនឯងអាចនិយាយជាមួយសកម្មជនខ្លួនបាន ពេលមានបញ្ហាកើតឡើង? ទំនងអស់លោកមិនអាចនឹង គ្រប់គ្រងស្ថានការណ៍បានឡើយ ហើយបើមានព្រឹត្តិហេតុអ្វីកើតឡើងអន្តរាយដល់សន្តិភាព និងការអភិវឌ្ឍដែលពលរដ្ឋកំពុងទទួលផលពេលនេះ ប្រហែលជាអស់លោកអាចរត់ចូលស្ថានទូតបរទេស​ជាចៅហ្វាយអស់លោក ឬក៏ រត់គេចខ្លួនទៅក្រៅប្រទេស ដោយបន្សល់នូវលទ្ធផលនៃការញុះញង់របស់អស់លោក។

ដូច្នេះហើយបានជាការព្រមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើម្បីទប់ស្កាត់ហានិភ័យដែលអាច​បង្កឡើងចំពោះជាតិ គេមិនបណ្តោយឱ្យសកម្មជន បក្សលោកធ្វើផ្គរធ្វើភ្លៀងបង្កចលាចលស្រេចតែចិត្ត ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ទៀតរាប់ទាំងអ្នកគាំទ្រគណបក្សប្រឆាំងមួយចំនួនផងនោះទេ។ ប្រទេសមានច្បាប់គ្រួសារមានវិន័យ អ្នក ប្រព្រឹត្តល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់គឺជាក្រឹត្យក្រមនៃច្បាប់​សង្គមមនុស្សដែល លោក ឡៃ ម៉ុងហៃ គួរ បើកចិត្តឱ្យទូលាយ និងមើលឱ្យបានឆ្ងាយ កុំមើលជុំវិញទីស្នាក់ការបក្ស​សង្គ្រោះជាតិ។ អ្នកដឹកនាំប្រទេសប្រកប ដោយការទទួលខុសត្រូវដូចសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យ និងទស្សនទានវែង ឆ្ងាយណាស់ ហើយលោកមិនបណ្តែតបណ្តោយឱ្យជនជ្រុលនិយមមួយក្តាប់តូចបំផ្លាញ សេចក្តីសុខពលរដ្ឋមួយនគរ បានឡើយ សូមលោក ឡៅ ម៉ុងហៃ ជ្រាបហើយឈប់វិភាគតាមអារម្មណ៍ទៅ៕

ដោយ៖ ចៅចាក់ស្មុក