(ឡុងដ៍)៖ ប៉ូលិសចក្រភពអង់គ្លេសបានឲ្យដឹងថា មនុស្សសរុបចំនួន០៥នាក់ហើយត្រូវបានដោះលែង ដោយពុំមានការចោទប្រកាន់អ្វីទាំងអស់ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ជុំវិញករណីវាយប្រហារភេរវកម្មនាពេលថ្មីកន្លងទៅនេះ នៅឯសាលប្រគុំតន្រ្តី Manchester Arena នៃទីក្រុង Manchester ខណៈមនុស្សប្រមាណ ១១នាក់ទៀត នៅបន្តស្ថិតក្រោមការសាកសួរចម្លើយរបស់ប៉ូលិសដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០១៧។
យោងតាមមន្រ្តីប៉ូលិសប្រចាំទីក្រុង Manchester ជនសង្ស័យសរុបចំនួន ១៦នាក់ត្រូវបានចាប់ខ្លួននៅទូទាំងចក្រភពអង់គ្លេស ជុំវិញការសង្ស័យថាអាចមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដ៏កក្រើក កាលពីដើមសប្តាហ៍មុន។ នាថ្ងៃពុធនេះ ប៉ូលិសអង់គ្លេសបានសម្រេចធ្វើការដោះលែង បុរសពីរនាក់អាយុ២០ឆ្នាំ និង២៤ឆ្នាំ មកពីតំបន់ Fallowfield រួមទាំងបុរសវ័យ ៣៧ឆ្នាំ ម្នាក់ទៀតមកពីតំបន់ Blackley បន្ទាប់ពីបុគ្គលពីររូបផ្សេង ត្រូវបានដោះលែងដោយពុំមានពាក្យបណ្តឹងចោទប្រកាន់ដូចគ្នា។
គួររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែឧសភា (ពេលវេលានៅអង់គ្លេស) ការបំផ្ទុះគ្រាប់បែកអត្តឃាត បានកើតឡើងនៅមាត់ច្រកចេញនៃសាលប្រគុំតន្រ្តី Manchester Arena អំឡុងពេលបិទបញ្ចប់នៃការប្រគុំតន្រ្តីរបស់ តារាចម្រៀងអាមេរិកវ័យក្មេង កញ្ញា Ariana Grande និងបានផ្តាច់យកជីវិតមនុស្សយ៉ាងតិច ២២នាក់ រួមទាំងបន្សល់ទុកជនរងគ្រោះប្រមាណ ១២០នាក់ទៀត របួសធ្ងន់ស្រាល ហើយទង្វើដ៏ខ្មៅងងឹតនេះគឺស្នាដៃរបស់ក្រុមភេរវករ ISIS៕