Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីរំលឹកខួប៥០ឆ្នាំរបស់អាស៊ាន លោកបណ្ឌិត សុក ស៊ីផាណា បានថ្លែងថា កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីសមាគមនេះ

31-05-2017 14:26

(ភ្នំពេញ)៖ លោកបណ្ឌិត សុក ស៊ីផាណា ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០១៧នេះ បានលើកឡើងថា កម្ពុជា ទទួលបានផលប្រយោជន៍ច្រើន ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន។ លោកថា ជាក់ស្តែងកម្ពុជាបានកំពុង ស្ថិតក្នុងសហគមមួយមាន សិទ្ធិនយោបាយស្មើគ្នា ខណៈដែល ប្រទេសមួយនេះ មានបូរណភាពទឹកដី ក៏ដូចជាមានសំឡេងគាំទ្រ យ៉ាងច្រើនពីប្រទេសក្នុងសមាជិក អាស៊ាន។

កាលើកឡើងបែបនេះ ស្របពេលលោកបណ្ឌិត សុក ស៊ីផាណា អញ្ជើញចូលរួមជាវាគ្មិនក្នុងពិធីខួប៥០ឆ្នាំ នៃអាស៊ាន ក្រោមប្រធានបទ «ការកសាង អនាគតជាមួយគ្នា» ដែលរៀបចំធ្វើឡើងដោយ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្ត (Ciss) នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកបណ្ឌិត សុក ស៊ីផាណា បានបញ្ជាក់បន្ថែមថា ចំពោះវិស័យឯកជន ពិសេសខាងសហគ្រិនវ័យក្មេង ទទួលបានផលប្រយោជន៍ យ៉ាងច្រើន ពីអាស៊ាននេះ ដូចជាការចាប់ដៃគូរពាណិជ្ជកម្ម និងទាញបានអ្នកវិនិយោគិនមកពី បណ្តាប្រទេសជាសមាជិកអាស៊ាន។ លោកបណ្ឌិតបន្តថា ដោយឡែក ខាងមន្រ្តីរាជការកម្ពុជា ក៏ទទួលបានផងដែរ អំពីកម្មវិធីថ្មីៗ សម្រាប់ពង្រឹងសមត្ថភាពដែលប្រទេស អាស៊ានផ្តល់ឲ្យ ជាពិសេសមកពីប្រទេសសឹង្ហបុរី បានជួយច្រើន ទៅលើការបង្វឹកបង្វឺន សមត្ថភាពមន្រ្តី ទាំងការទូតនិងផ្នែកសេដ្ឋកិច្ច ជាដើម។

លោកបណ្ឌិត សុក ស៊ីផាណា បានលើកឡើងទៀតថា វិស័យឯកជនក៏នៅខ្វះចំណុចច្រើនដែរ ដូចជាចំណេះដឹងចំណេះធ្វើខ្វះការ ​យល់ដឹង ខាងផ្នែកបច្ចេកវិទ្យា និងរបៀបរបបនៃការធ្វើអាជីវកម្មអន្តរជាតិ ដូច្នេះ ចាប់ពីពេលនេះតទៅប៉ុន្មានខាងមុខទៀត វិស័យឯកជន ពិសេសសហគ្រិនកម្ពុជា ត្រូវប្រឹងប្រែងធ្វើម៉េចយក ឱកាសចាប់ដៃគូបរទេស ដែលមានសមត្ថភាព ឲ្យបានច្រើន។

សូមបញ្ជាក់ថា អាស៊ាន មានឈ្មោះពេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាអង្គការដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍​ដែលមាន សមាជិកសរុបចំនួន ១០ប្រទេស។ អង្គការនេះ បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលមានស្ថាបនិក ចំនួន៥ប្រទេស គឺប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសឹង្ហបុរី។ បន្ទាប់មកប្រទេស ប្រ៊ុយណេ បានចូលជាសមាជិកនៅឆ្នាំ១៩៨៤ វៀតណាមនៅឆ្នាំ១៩៩៥ ចំណែកឯប្រទេសឡាវ និងភូមានៅ១៩៩៧ ដោយឡែកកម្ពុជា ចូលជាសមាជិកអាស៊ានចុងក្រោយគេ គឺនៅឆ្នាំ១៩៩៩៕