(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា បានចុះជួបសាកសួរសុខទុក្ខ និងសំណេះសំណាលប្រជាពលរដ្ឋ នៅតាមគេហដ្ឋាន ក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងពិធីជួបសំណេះសំណាលនេះ មានវត្តមានលោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការបក្សខណ្ឌ៧មករា, លោក ងី តាយី អនុប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា, លោក កែន សម្បត្តិ អនុប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា ព្រមទាំងចៅសង្កាត់ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងខណ្ឌ៧មករា។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ មនុញ្ញកុសលនៃនយោបាយ ឈ្នះ-ឈ្នះ ដែលសម្ដេចតេជោ បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យដ៏ត្រចះត្រចង់ និងជាប្រវត្តិសាស្រ្ត នៅចុងឆ្នាំ១៩៩៨ ដែលនាំមកនូវសន្ដិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងរក្សាបានទាំងស្រុងនូវអធិបតេយ្យភាព និងបូរណភាពទឹកដី។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ថ្លែងបន្ដថា ដោយសារកត្តាអំណាយផលទាំងនេះហើយ ដែលធ្វើឱ្យកម្ពុជាអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយបរិយាប័ន្ន ដែលបានលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស។ បរិកាណ៍អំណោយផលនេះ ជាកុសលល្អនាំឱ្យការអភិវឌ្ឍគ្រប់វិស័យ ដែលនឹងជំរុញឲ្យកម្ពុជា សម្រេចនូវមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចៀសផុតពីអង្គប់នៃប្រទេសមានចំណូលមធ្យមដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងយកចិត្តទុក ដាក់លើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសវិស័យអាទិភាពរដែលផ្តោត លើ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាតម្រូវការជាក់ស្ដែងរបស់ប្រជាជន និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសលើការសម្រាលបន្ទុក និងលើកកម្ពស់របស់ប្រជាពលរដ្ឋ ដូចជាការផ្តល់ការអនុគ្រោះ និងការលើកលែងពន្ធជាដើម។ សុខសន្តិភាពពេញលេញបរិបូរណ៍ដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋ ក៏បាននិងកំពុងបន្តក្រេបជញ្ជក់ នូវសុខសន្តិភាពនេះ ក្នុងការរកទទួលទាន និងប្រកបវិជ្ជាជីវៈនានា។
កិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននិងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានគូសបញ្ជាក់ថា យើងកាន់តែខិតជិតដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ និងនៅសល់ពេលប្រហែលមួយឆ្នាំទៀត សម្រាប់ការបោះឆ្នោតជាសកល និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ សូមចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវចាត់ទុកការបោះឆ្នោត ជាការបំពេញករណីកិច្ចដ៏សំខាន់មួយ ដែលកំណត់វាសនាខ្លួនឯង និងប្រទេសទាំងមូល។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ថ្លែងបន្ថែមថា សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការពារសន្តិភាព ភាពសុខដុមរមនា និងដើម្បីបន្តការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសគឺគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណតិ្តក្រោយៗទៀត។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង !
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះជួយខណ្ឌ ៧ មករា និង
គណៈកម្មាធិការបក្សខណ្ឌ៧មករា ដែលបានអញ្ជើញមកជួបសំណេះសំណាលនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានសំដែងការគំាទ្រលើគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងនឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍៕