(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានសហការជាមួយរោងភាពយន្ត Prime Cineplex ដើម្បីប្រារព្ធពិធីទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីកុមារកំព្រាកម្ពុជា» ដោយមានកុមារកំព្រាប្រមាណជិត ២០០នាក់ចូលរួម ។

កុមារា-កុមារីកំព្រាទាំងអស់ គឺមកពីមណ្ឌលកុមារកំព្រា ពន្លឺអនាគតកុមារ ដែលជាមណ្ឌលកុមារកំព្រា ពិសេសផ្តល់ការអប់រំ មិនគិតថ្លៃចំពោះកុមារកំព្រា ដ៏ល្បីល្បាញមួយនៅជាយក្រុងភ្នំពេញ។ សព្វថ្ងៃមណ្ឌលនេះមានកុមារកំព្រាប្រមាណជិត ២០០នាក់ ដែលពួកគេបានទទួលការសិក្សា ព្រមទាំងការស្នាក់នៅ និងការថែទាំយ៉ាងយកចិត្តទុកដាក់ ពីមណ្ឌលថែមទៀតផង ។ កុមារកំព្រាក្នុងមណ្ឌលភាគច្រើនមានអាយុតិចជាង ១៣ឆ្នាំ ដែលពួកគេមកតាមបណ្តារខេត្តនានាទូទាំង ២៥ខេត្តក្រុង ។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុន វីតាល់ បានថ្លែងថា ដើម្បីជាការអបអរសាទរទិវាកុមារអន្តរជាតិ មូលនិធិវីតាល់ បានរៀបចំអំណោយមួយ ដែលមិនអាចបំភ្លេចបានដល់ប្អូនៗកំព្រា ដែលកាដូរនេះ នឹងក្លាយជាការចង់ចាំដ៏ល្អបំផុត សម្រាប់ទិវាសិទ្ធិកុមាររបស់ពួគេ ។ លោកស្រីបន្តថា នេះមិនមែនជាលើកទីមួយទេ សម្រាប់វីតាល់ ក្នុងការប្រារព្ធកម្មវិធី ដែលផ្តល់ក្តីរំភើបដល់កុមារកម្ពុជា វីតាល់គឺតែងតែបង្កើតកម្មវិធី សម្រាប់ទិវាកុមារកម្ពុជា ជាងរៀងរាល់ឆ្នាំ ។ លោស្រីក៏បានថ្លែង អំណរគុណដល់រោងភាពយន្ត Prime Cineplex ដែលបានចួលរួមសហការជាមួយវីតាល់ បង្កើតឲ្យមានកម្មវិធីនេះកើតមានឡើង ព្រមទាំងអគុណដល់បុគ្គលិក និងថ្នាក់ដឹកនាំអង្គការ ពន្លឺអនាគតកុមារ ដែលខិតខំធ្វើការផ្តល់ការបីបាច់ថែទាំកុមារកំព្រាកម្ពុជា ជាង២០០នាក់ បានយ៉ាងល្អប្រសើរ ។

តំណាងមណ្ឌលកុមារកំព្រា ពន្លឺអនាគតកុមារ លោក យិត វីរ៉ាស៊ី បានបង្ហាញក្តីសា្វគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន វីតាល់ និងរោងភាពយន្ត Prime Cineplex ដែលបានផ្តល់អំណោយដ៏មានតម្លៃមួយនេះសម្រាប់ប្អូនៗកុមារក្នុងមណ្ឌលរបស់លោក។ នេះជាលើកទីមួយ សម្រាប់មណ្ឌលរបស់លោក ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនឯកជន ហើយការឧបត្ថម្ភនេះ ពិតជាមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន ។ លោកបន្តថាបច្ចុប្បន្ន បើទោះជាកុមារក្នុងមណ្ឌល ទទួលបានការថែទាំល្អ មែនពិតប៉ុន្តែពួកគេកម្រ នឹងមានកម្មវិធីកម្សាន្តបែបទេសចរណ៍ណាស់ ដោយសារតែហិរញ្ញវត្ថុរបស់អង្គការលោកនៅមានកម្រិត ។ ដូច្នេះហើយលោកក៏ពិតជាអរគុណ វីតាល់ និងរោងភាពយន្ត Prime Cineplex ជាខ្លាំង ដែលបានផ្តល់ភាពសប្បាយរីករាយបែបនេះ ដល់មណ្ឌលកុមារកំព្រារបស់លោក។

អ្នកនាង ឯក រតនា ប្រធានផ្នែកទីផ្សារ នៃរោងភាពយន្ត Prime Cineplex បានថ្លែងថា គោលបំណងក្នុងការ បញ្ចាំងខ្សែភាពយន្តបែបសប្បុរសធម៌នេះ គឺធ្វើឡើងដើម្បីផ្តល់ឱកាសទៅដល់កុមារកំព្រា នូវបទពិសោធន៍នៃការទស្សនាភាពយន្តជាប្រភេទ 3D នឹងលើកទឹកចិត្តពួកគាត់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែម ហើយ ការប្រព្រឹត្តកម្មវិធីនេះឡើង ក៏ដើម្បីអបអរសារទរ ទិវាកុមារអន្តរជាតិផងដែរ។ រោងភាពយន្ត Prime Cineplex គាំទ្រយ៉ាងមុតមាំចំពោះយុទ្ធនាការក្នុងការចាក់បញ្ចាំងខ្សែភាពយន្តសប្បុរសធម៌មួយនេះ ដែលតិច ឬច្រើនជា ការចូលរួមកិច្ចការសង្គមដើម្បីចែករំលែកការអប់រំ និងចូលរួមលើកទឹកចិត្តទៅដល់កុមារកំព្រា នៅក្នុងប្រទេសកម្ពុជា។ លោកស្រីក៏ បានថ្លែងអំណរគុណ ទៅដល់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមណ្ឌលពន្លឺអនាគតកុមារ (Future Light Orphanage of Worldmate) ដែលបានសហការបា្ររព្ធកម្មវិធី «ទាំងអស់គ្នា ដើម្បីកុមារកម្ពុជា» នៅក្នុងថ្ងៃនេះ។

គួរបេញ្ជាក់ផងដែរថា ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់ តែពុះកញ្ជ្រោលផងដែរ ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែក នៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕