(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានរួមទាំង ក្រុមការងារក្រសួងបានចុះសួរសុខទុក្ខលោក ចាន់ មុន្នី បុគ្គលិកកាសែត កម្ពុជាថ្មី​ នៅ​ថ្ងៃ​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅ​មន្ទីរពេទ្យរុស្ស៊ី ដែលខណៈលោក មុន្នី កំពុងសង្រ្គោះបន្ទាន់ដោយសារតែជួប ឧបត្តហេតុគ្រោះថ្នាក់ចរាចរ​ធ្ងន់ធ្ងរ ដោយរថយន្តដឹកដីបុកពេញទំហឹង ជាមួយរថយន្តកូរ៉ូឡារបស់លោក។

ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តាំផ្ញើ​ឲ្យលោក ចាន់ មុន្នី ឲ្យរក្សាខ្លួននិងសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ ព្យាបាល ​ជំងឺ​ឲ្យឆាប់ជាសះស្បើយឡើងវិញ ដើម្បីបង្រើការងារតទៅទៀត។​ លោកខៀវ កាញារីទ្ធ​ មានប្រសាសន៍ថា​ គ្រោះថ្នាក់ចរាចរ នៅតែកើតមាន ដោយសារតែអ្នកបើកបរមួយចំនួន មិនគោរពច្បាប់​ចរាចរណ៍​។ ដូច្នេះលោករដ្ឋមន្ត្រី​ អំពាវនាវផងដែរដល់អ្នកធ្វើដំណើរ ទាំងអស់គោរពច្បាប់​ ចរាចរណ៍​ទាំងអស់គ្នា។

ក្នុងឱកាសនោះចុះសួរសុខទុក្ខលោក ចាន់ មុន្នី​ កំពុងសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីនោះដែរ​ លោករដ្ឋមន្ត្រី​ បាន​ជួយ​ជាថវិកាខ្លះ ដើម្បីជួយសម្រួលទុក្ខលំបាក ដល់គ្រួសារលោកមុន្នីផងដែរ។

លោក ចាន់ មុន្នី​ បុគ្គលិកកាសែតកម្ពុជាថ្មី ប្រចាំការខេត្តកណ្តាល ត្រូវរថយន្តដឹកដីដែលបើកបរដោយជនស្រវឹងខួប បានបុកបណ្តាល ឲ្យរបួសធ្ងន់ខណៈបើករថយន្តកូរ៉ឡា ត្រូវកៀបជាប់ខូចខាតរថយន្តខ្ទេចខ្ទី អស់កាលពីវេលាម៉ោង២០៖៤៥នាទី យប់ នៅខាងមុខសាលា សង្កាត់ព្រែកកំពឹស តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបើកបររថយន្តដឹកដី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ក្រោយពីបើកបុករថយន្ត អ្នកកាសែតកម្ពុជាថ្មី ទាំងកំរោលនោះ។

 ប្រភពព័ត៌មានបានបន្តថា រថយន្តរបស់លោក ចាន់ មុន្នី​ ដែលជាអ្នកកាសែត កម្ពុជាថ្មី ប្រចាំការនៅខេត្តកណ្តាលនោះគឺធ្វើដំណើរ តែម្នាក់ឯង ហើយគ្រោះថ្នាក់នោះ គឺរថយន្តដឹកដី ដែលអ្នកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងផងនោះ បានបើករេចង្កូតចូលខាងស្តាំដៃ របស់រថយន្តលោក ចាន់ មុន្នី បណ្តាលឲ្យបុកកៀប អ្នកបើកបររថយន្តអ្នកកាសែតនៅខាងក្នុងតែម្តងរងរបួសធ្ងន់តែម្តង។

ប្រភពព័ត៌មានបន្តថាក្នុងហេតុ​ការណ៍​គ្រោះថ្នាក់នោះបានប្រជាពលរដ្ឋនៅជិតនោះ នាំគ្នាជួយអន្តរាគមន៍ដោយគាស់លោក ចាន់ មុន្នី​ ចេញពីរថយន្តរបស់លោក រួច​ប្រញាប់​បញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិតបន្ទាន់ផងដែរ តែលោកស្ថិតនៅក្នុងអាការៈរបួស ធ្ងន់ធ្ងរសន្លប់​នៅឡើយបើទោះបីរាងកាយលោកមើលទៅ មិនឃើញរបួសហូរឈាមនោះ សង្ស័យប៉ះទង្គិចធ្ងន់ធ្ងន់ត្រង់ដើមទ្រូង។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កប្រភេទដឹកដី ចង្កូតស្តាំម៉ាកនីសាន់ ពណ៌សពាក់ស្លាកលេខ PP២៣៨០ បើកបរដោយឈ្មោះ ទឿង ចាន់ពិសី ភេទប្រុសអាយុ២១ឆ្នាំ មុខរបរបើកបររថយន្តដឹកដី ស្នាក់នៅភូមិនិងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើកទិសដៅកើតមកលិច លុះមកដល់ចំណុចកើតហេតុក៏មកបុករថយន្តម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខក្រុងព្រះស៊ីហនុ ២A-០០៧៧ បើកបរដោយជនរងគ្រោះលោក ចាន់ មុនី្ន ដែលត្រឡប់មកពីយកព័ត៌មាននៅស្រុកកណ្តាលស្ទឹងវិញ ឆ្ពោះមកតាខ្មៅកន្លែងស្នាក់នៅ ក៏ត្រូវរថយន្តដឹកដីនោះ មកបុកទាំងកំរោលព្រោះតែកុងឡានដឹកដីនោះ ស្រវឹងហើយបើកលឿនមិនប្រកាន់ស្តាំ ហើយជ្រុលចូលចំណែក ផ្លូវនៃរថយន្តកូរ៉ូឡា ក៏បុកគ្នាពេញទំហឹងបណ្តាលឲ្យលោក ចាន់ មុនី ត្រូវគៀបជាប់ក្នុងឡានរបស់គាត់របួសធ្ងន់ធ្ងរ។

ប្រភពព័ត៌មានបានបន្តទៀតថាក្នុងហេតុការណ៏បង្កការគ្រោះថ្នាក់នោះដែរអ្នកបង្កហេតុខាងឡានដឹកដី ពេលដែលឃើញសភាព មិនស្រួលក៏បានបន្ថែមល្បឿន បើករត់ពីចំណុចកើតហេតុរហូតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ទើបអ្នកឃើញហេតុដែលបើក ដេញតាម ព្រមទាំងបោះដៃសហការជាមួយសមត្ថកិច្ចមូលដ្ឋានផង ទើបចាប់រថយន្តនោះបានព្រមទាំងឃាត់ខ្លួន តៃកុងបង្កហេតុនោះផងដែរ។

សមត្ថកិច្ចបញ្ជាក់ថារថយន្តទាំង២គ្រឿងនោះត្រូវបានកម្លាំងជំនាញចរាចរណ៍ រាជធានីភ្នំពេញចុះមកវាស់វែង និងស្ទូចយកទៅរក្សាទុក ការិយាល័យចរាចរណ៏ ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕