(ភ្នំពេញ)៖ កងទ័ពខ្មែរកំពុងឈរជើងការពារទឹកដីនៅទិសប្រាសាទព្រះវិហារ មិនគាំទ្រសារនយោបាយ «បំពាក់អាវុធទំនើបជូនកងទ័ពក្រោយពេលឈ្នះឆ្នោត» របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ គ្រាន់តែជាការសន្យាខ្យល់ និងជាការញុះញង់បង្កអសន្តិសុខប៉ុណ្ណោះ គ្មានថ្ងៃកងទ័ពជឿនោះឡើយ ហើយនៅតែគោរព និងការពារជាដាច់ខាតរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ការចេញមកទាត់ចោលសារនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីលោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត បានសន្យាថា ប្រសិនគណបក្សប្រឆាំងរបស់លោកឈ្នះ នឹងបំពាក់អាវុធទំនើបៗ ជូនដល់កងទ័ពកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការដ្ឋានសន្តិភាពសម្តេចតេជោ៥មករាប្រាសាទព្រះវិហារ ដែលអង្គភាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចាត់ទុកសារនយោបាយនេះ គ្រាន់តែជាការសន្យាខ្យល់ និងញុះញង់បង្កអសន្តិសុខ នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍នេះ បានគូសបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ពួកយើងជាកងកម្លាំងប្រដាប់អាវុធទាត់ចោល ទាំងស្រុងសារនយោបាយជនអគតិចេញពីមាត់អ្នកថា សន្យាមិនធ្វើ ឲ្យរួចតែពីមាត់របស់អ្នកនយោបាយក្នុងចេតនាឃោសនាអកុសលញុះញង់អូសទាញ ដែលពួកយើងមិនទទួលយកបានជាដាច់ខាត ហើយពួកយើងចាត់ទុកជាការញុះញង់ បង្កអសន្តិសុខសង្គម»។
ក្រៅពីទាត់ចោលនូវសារនយោបាយរបស់បក្សប្រឆាំងហើយ កងទ័ពនៅតំបន់ប្រាសាទព្រះវិហារ ក៏បានប្តេជ្ញាការពារសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ «យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលផុសចេញពីឆន្ទៈពិតៗរបស់ប្រជាជន និង សូមគាំទ្រទាំងស្រុងនូវបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិក្រោយៗទៀតជារៀងរហូត»។
ក្នុងសេចក្តីថ្លែងការណ៍នេះ ក៏បានរំលឹកពីស្នាដៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើសង្រ្គាមការពារប្រាសាទព្រះវិហារ និងដាក់ប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីបញ្ចូលជាសម្បតិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលនេះជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ជាតិខ្មែរ ក៏មានការមិនពេញចិត្តពីអ្នកនយោបាយជ្រុលនិយម ជំរុញឲ្យកងទ័ពថៃចូលឈ្លានពានកម្ពុជា។
សេចក្តីថ្លែងការណ៍បន្តថា ប្រឈមមុខនឹងសភាពការណ៍នេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដឹកនាំបញ្ជាកងទ័ពសមរភូមិមុខអនុវត្តសិទ្ធស្វ័យការពារបូរណភាពទឹកដី សម្តេចតេជោនាយករដ្ឋមន្រ្តី នៅជាប់ប្រចាំបញ្ជាយើងខ្ញុំគ្រប់វិនាទី រហូតពេលនេះកងទ័ពសមរភូមិមុខរបស់យើង ឈរជើងរឹងមាំ ការពារបាននូវបូរណភាពទឹកដីរបស់ខ្លួន ប្រែក្លាយជាព្រំដែនសន្តិភាព ដើម្បីផលប្រយោជន៍ប្រជាជនរស់នៅ តាមតំបន់ព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ បានរស់នៅក្នុងសុខសន្តិភាព។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ទន្ទឹមនឹងការអនុវត្តន៍ភារកិច្ចការពារបូរណភាពដែនដី ការបំពាក់ដល់កងទ័ពមានគ្រប់លទ្ធភាព មានគ្រប់សមត្ថភាពប្រយុទ្ធសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយដល់ការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់នៅតំបន់ព្រំដែន ប្រែក្លាយពីតំបន់ឆ្ងាយដាច់ស្រយាលតភ្ជាប់ដោយផ្លូវជាច្រើនខ្សែ ខ្វាត់ខ្វែង កសាងបានជាភូមិអភិវឌ្ឍន៍កងទ័ព និងប្រជាជន មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក សង់ផ្ទះចែកជូនដល់គ្រួសារទ័ពរាប់ពាន់ខ្នង និងបានផ្តល់ដីលំនៅដ្ឋាន ដីបង្កបង្កើនផល ជាពិសេសសម្តេចទាំងពីរតែងយកចិត្តទុកដាក់គ្រប់រដូវកាលរដូវភ្លៀងមានអាវភ្លៀង រដូវរងាផ្តល់អាវរងា ដល់កងទ័ពតាមព្រំដែនបានរស់នៅកាន់តែមានលំនឹង ប្រកបដោយសុខដុមរម្យនា។
ក្នុងសេចក្តីថ្លែងការណ៍បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការយកចិត្តទុកដាក់ខ្ពស់ទៅលើជាតិមាតុភូមិ និងកងទ័ព ទើបធ្វើឲ្យព្រះមហាក្សត្រសព្វព្រះរាជហឫទ័យប្រទានគោរម្យងារជា «សម្តេច»។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ដូច្នេះ «ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខ នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារទ័ព ប្រជាជនព្រះសង្ឃរស់នៅតាមបន្ទាត់ព្រំដែន ចងចាំជានិច្ចនូវគោរម្យងារ និងឋានន្តរសក្តិ ដែលព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានដោយយុត្តិធម៌ត្រឹមត្រូវដល់សម្តេចទាំងពីរ ជាសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា សក្តិសមទៅនឹងគុណបំណាច់សម្តេច ទាំងពីរមានយ៉ាងធំធេងមិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជា និង កងកម្លាំងប្រដាប់អាវុធទាំងមូល ដែលបានដឹកនាំរំដោះប្រជាជនកម្ពុជាបានរស់ពីក្រញ៉ាំរបបប្រល័យពូជសាសន៍ ដាក់ចេញនយោបាយ ឈ្នះ ឈ្នះ! បញ្ចប់សង្គ្រាមស៊ីវីលរ៉ាំរ៉ៃជាងបីទសវត្សរ៍ចាប់ពីឆ្នាំ១៩៩៨ នាំមកនូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសបង្កបានជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះដែលយើងទាំងអស់គ្នាមើលឃើញផ្ទាល់ភ្នែក»៕