(កណ្តាល)៖ លោក ហ៊ាន សាហ៊ីប អនុប្រធានអចិន្ត្រៃយ៍នៃគណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកពីគណបក្សប្រជា ជនកម្ពុជា (CPP) បានរំលឹកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងស្រុកខ្សាច់កណ្តាលថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែល បានរំដោះជាតិចេញពីរបបវាលពិឃាត ខិតខំស្វែងរកសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។
ឆ្លើយតបស្នាដៃដែលបានលើកឡើងនេះ លោក ហ៊ាន សាហ៊ីប បានស្នើឲ្យប្រជាពលរដ្ឋគិតពិចារណាឲ្យបានច្បាស់លាស់មុននិងពួកគេគូសសន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ការថ្លែងរបស់លោក ហ៊ាន សាហ៊ីប បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងពេលសម្ពោធផ្លូវពីរខ្សែ និងស្ពានមួយខ្សែជូនប្រជាពលរដ្ឋក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគេបានងាយស្រួល។
លោក ហ៊ាន សាហ៊ីប បានលើកឡើងថា «ការកសាងនូវសមិទ្ធផលទាំងអស់នេះសុទ្ធតែអនុវត្តតាមស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាជន ហើយក៏មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានរំដោះប្រជាជន, ការពារប្រជាជន ហើយជានិច្ចកាលនៅជាមួយប្រជាជន, បម្រើផលប្រយោជន៍ និង អភិវឌ្ឍសមិទ្ធផលគ្រប់បែបយ៉ាងជូនប្រជាជនទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរអ្វីទាំងអស់»។
លោកបន្ថែមថា «ជាក់ស្តែងកន្លងមកនេះ យើងមើលឃើញមានតែគណបក្សប្រជាជនកម្ពុជាមួយណ្ណោះ ដែលបានតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសិទ្ធិ សេរីភាព សុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ធ្វើឱ្យមានការរីកចម្រើនគ្រប់ទីកន្លែង និង ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាជនយើងនៅទូទាំងប្រទេសកាន់តែប្រសើរឡើង»។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ទោះបីក្នុងពេលកន្លងមកនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងច្រើនមកហើយក៏ដោយ ក៏ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ជានិច្ចចំពោះកិច្ចអភិវឌ្ឍនៅមូលដ្ឋានភូមិ-ឃុំ និង ទុក្ខលំបាករបស់បងប្អូនប្រជាជន ពីព្រោះគណបក្សប្រជាជនកម្ពុជារួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។
តាមរយៈសមិទ្ធិផល និងស្នាដៃអភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានេះ លោក ហ៊ាន សាហ៊ីប បានរំលឹក ប្រជាជននៅឃុំព្រែកតាមាក់ ត្រូវពិចារណាឱ្យបានច្បាស់នៅថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ។
លោកបានបញ្ជាក់ថា « ត្រូវជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្ស ដែលធានាថែរក្សាសុខសន្តិភាព ព្រមទាំងបន្តជួយអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត។ កុំជឿលើការសន្យាខ្យល់ ដែលនាំប្រទេសជាតិធ្លាក់ក្នុងភាពអន្តរាយ ដែលនាំឱ្យខ្មែរ វេទនាដូចមុនទៀត។ ជារួមត្រូវជ្រើសរើសបេក្ខជន ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់បក្សដែលជួយ អភិវឌ្ឍមូលដ្ឋានរបស់យើងជាក់ស្តែង ដែលក្នុងនោះមានតែបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលយើងជឿទុកចិត្តតាំងពីដើមរហូតមក»។
លោក ហ៊ាន សាហ៊ីប ក៏បានផ្តាំផ្ញើ និង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវ-ស្ពានដែលបានដាក់ឲ្យប្រើប្រាស់នោះ ឲ្យបានគង់វង្សយូរអង្វែង និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និង អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព ឈានឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍថ្មីៗទៀតនៅក្នុងមូលដ្ឋាននៃឃុំព្រែកតាមាក់ទាំងមូល៕