(ភ្នំពេញ)៖ ក្រោយពីមានការទម្លាយរូបភាពនៅលើគ្រែ និងរូបភាពផ្អែមល្ហែមស្និទ្ធស្នាល ប្រៀបបីដូចជាប្ដីប្រពន្ធ ជាមួយនឹងរឿងរាវស្នេហាលួលាក់រវាងលោក ប៊ីម៉ូ និងតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ «ចាក់ទឹកដូង» គឺយូរី ពីសំណាក់លោក រ៉េត ជាអតីតជាគូស្នេហ៍របស់ យូរី រួចមក ស្រាប់តែក្ដៅៗជាមួយគ្នានេះ ប្រុសស្នេហ៍ថ្មីរបស់ យូរី គឺលោក ប៊ីម៉ូ បានចេញមុខបកអាក្រាតពីមុខមាត់ពិត របស់អតីតគូស្នេហ៍កញ្ញា យូរី ដើម្បីឲ្យមហាជនភ្លឺភ្នែកថា តើនរណាខុសនរណាត្រូវ?
លោក ប៊ីម៉ូ ដែលជាតារាចម្រៀង នៅក្នុងផលិតកម្មសាន់ដេ និងជាប្រុសស្នេហ៍ថ្មីថ្មោងរបស់ យូរី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបញ្ចេញសារឆ្លើយតប ទៅនឹងរឿងរ៉ាវនេះ នៅក្នុងគណនីហ្វេសប៊ុករបស់រូបលោក កាលពីប៉ុន្មានម៉ោងមុននេះថា «អ្នកទាំងអស់ត្រូវយល់ បើមនុស្សប្រុសនោះល្អ គេមិនចោលគាត់ទេ ។ រយៈពេល៤ឆ្នាំ និងមនុស្សស្រីម្នាក់រស់នៅក្នុងគំនាប និងការគំរាមកំហែង និងអំពើហិង្សា បើមិនធ្វើតាមគេទេ គេនឹងផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង»។
តារាចម្រៀងលោក ប៊ីម៉ូ បានសរសេរទៀតថា «ខ្ញុំសុំសួរអ្នកទាំងអស់គ្នា បើសិនជាអ្នកទាំងអស់វិញ តើអ្នកទាំងអស់គ្នា នឹងធ្វើយ៉ាងណា? ហើយមនុស្សប្រុសហ្នឹង ជាមនុស្សប្រុសបែបណា? ពេលនេះមនុស្សស្រីម្នាក់នោះ (យូរី) គាត់ក្រោកឈរឡើងហើយប្រឈមមុខ មនុស្សប្រុសនោះក៏បានផុសរូបអាក្រាត លាបពណ៌ និង បំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ អ្នកទាំងអស់គ្នា ប្រហែលជាជឿមនុស្សប្រុសនោះ ព្រោះគាត់ជា Directer ជាមនុស្សពូកែនិពន្ធរឿង ពូកែកុហកអ្នកដទៃ និងកុហកខ្លួនឯងផងដែរ។ ខ្ញុំមិនសុំអ្នកទាំងឲ្យជឿជាក់ទេ តែសុំអ្នកទាំងអស់គ្នាពិចារណា!»។
ដោយឡែកបន្ទាប់ពីប្រុសស្នេហ៍ កញ្ញា យូរី បញ្ចេញការវាយបកបានប៉ុន្មានម៉ោងរួចមក អតីតគូស្នេហ៍របស់នាង គឺលោក រ៉េត បានសរសេរនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា «បងសង្ឃឹមថា អូនចាកចេញដោយបានសុខ បងអត់ទោសឲ្យអូន សុំទោសអ្នកទាំងអស់គ្នា នេះជាកំហុសរបស់ខ្ញុំ ដែលទប់កំហឹងខ្លួនមិនបាន។ អ្វីៗជាកំហុសខ្ញុំទាំងអស់ គាត់ (យូរី) ស្អាតស្អំទេ ខ្ញុំជាអ្នកអាក្រក់ទាំងស្រុង.!»។
សូមរំលឹកថា គូស្នេហ៍ថ្មីរបស់កញ្ញា យូរី គឺជាតារាចម្រៀង ក្នុងទ្រនំផលិតកម្មជាមួយគ្នា ក្នុងនោះក៏បានបកស្រាយនូវ បទចម្រៀងមានចំណងជើងថា «ចាក់ទឹកដូង» ដែលជាបទ កំពុងតែពេញនិយមក្នុងស្រទាប់យុវវ័យនេះផងដែរ។
សូមបញ្ជាក់ថា មុននឹងមានរឿងរ៉ាវបែបនេះផ្ទុះឡើង គឺបន្ទាប់ពីលោក រ៉េត ជាអតីតអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នជាអ្នកដឹកនាំ សម្ដែងនៅក្នុងផលិតកម្ម ថោន បានបង្ហាញសារឈឺចាប់ និងទម្លាយរូបភាពលើគ្រែ និងរូបភាពបឺតមាត់ផ្អែមល្ហែមជាច្រើន ជាមួយគូស្នេហ៍របស់លោក គឺតារាចម្រៀង យូរី នៅលើបណ្តាញសង្គម Facebook ក្រោយពីដឹងថា យូរី ក្បត់ស្នេហ៍ស្រវារកអ្នកថ្មី៕