(ភ្នំពេញ)៖ របាំងជញ្ជាំងថ្មយ៉ាងរឹងមាំ នៅអមសងខាងផ្លូវកៅស៊ូអមសងខាងស្ពានព្រែកសំរោង ដែលស្ថិតនៅក្នុងទឹកដីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលជាសមិទ្ធផលអំណោយពីប្រទេសចិន ជួយមកប្រទេសកម្ពុជាថ្មីៗនេះ ត្រូវបានលោក អោក សៀង ជាទាហានពាក់ផ្កាយ៣ បានដាក់គ្រឿងចក្រ មួយគ្រឿង ទៅឈូសកម្ទេចចោលរាបដល់ដី ទោះបីអាជ្ញាធរខណ្ឌច្បារអំពៅ ទៅហាមឃាត់២ដង ហើយមិនព្រមស្ដាប់ឡើយ។

ពាក់ព័ន្ធរឿងខាងលើនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញថា លោកអត់ដឹងទេ ដោយការងារខាងលើនេះ គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូនតែម្ដង។

ចំពោះករណីនេះដែរ លោកអភិបាលរងខណ្ឌ​ច្បារអំពៅ រស់ សុភ័ក្រ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភាថា រឿងខាងលើនេះ រដ្ឋបាលខណ្ឌច្បារអំពៅ​ និងសង្កាត់ព្រែកថ្មី បានទៅហាមឃាត់ចំនួន២ដង ហើយតែលោកទាហានម្នាក់នោះមិនស្ដាប់ទេ ដោយគាត់ថា មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចុះហត្ថលេខាដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង ឲ្យគាត់ឈូសចោលរបាំងថ្មខាងលើនេះ។

ជាមួយគ្នានេះលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បាននិយាយថា មន្រ្តីយោធារូបនេះមិនដឹងជាអាងអីនោះទេ មិនត្រឹមវាយបំផ្លាញរបាំងថ្ម ការពារកៅស៊ូ នៅអមសងខាងស្ពានព្រែកសំរោងប៉ុណ្ណោះទេ ថែមទាំងដាក់គ្រឿងចក្រកាប់កាយបំផ្លាញ ផ្លូវកៅស៊ូលេខ១១០ ដាក់លូបង្ហូរទឹកចូលទន្លេបាសាក់ថែម ទៀតផងដែរ តែនៅថ្ងៃនេះមិនទាន់មានសកម្មភាពដាក់គ្រឿងចក្រចុះទៅវ៉ៃរបាំងថ្មចោលទៀតនោះទេ។

តែ​លោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌច្បារអំពៅ បាននិយាយ​ថាចំពោះករណីទាហានផ្កាយ៣ ខាងលើវ៉ៃបំផ្លាញរបាំងថ្មនោះ ខាងខណ្ឌចុះទៅហាមឃាត់ហើយ តែមិនទាន់ដឹងថាមានវិធានការយ៉ាងណានោះទេ ចំពោះរឿងនេះ ព្រោះអីខាងក្រសួងចេញលិខិតនៅក្នុងរឿងនេះ​។

ពាក់ព័ន្ធករណីនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពីលោកទាហានផ្កាយ៣​​បានទេ ទោះបីជាយ៉ាងណាក៏ដោយចុះ តែលោក​ផ្កាយ៣ ​មានលិខិតមួយច្បាប់ដែលចេញដោយលោករដ្ឋលេខាធិការ ក្រសួងសាធារណការ ឲ្យគាត់វាយ។

យ៉ាងណាមិញ ពលរដ្ឋរង់ចាំមើល តើថ្នាក់លើចាត់វិធានការយ៉ាងណា ចំពោះលោក អោក សៀង ដែលវ៉ៃបំផ្លាញសមិទ្ធផល​ជាអំណោយពីប្រទេសចិន ក្នុងការសាងសងរបាំងថ្មការពារផ្លូវ នៅអមសងខាងស្ពានព្រែកសំរោងនេះ នៅពេលខាងមុខ៕