(ភ្នំពេញ​)៖ ​បន្ថែម​លើ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន ​លោក ​ប៉ា ​សុ​ជាតិ​​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សុំ​ការយោគយល់​ដល់​ប្រជាពលរដ្ឋ ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ​ចំពោះ​ការ​ស្ទះ​ចរា​ចណ៍ ​នា​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា​រក​សម្លេង​ឆ្នោត​។ ​លោក​បាន​ស្នើ​​ឲ្យ​​ប្រជាពលរដ្ឋ​​ទាំងអស់ ​ដែល​​រស់នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ ​បើ​​ចៀស​បាន ​មិនបាច់​​ចេញ​ឡាន​​ទេ ​ក្រែ​លោ​ស្ទះ ​តែបើ​ចាំបាច់ ​ចេញ​ក៏​ចេញ ​ហើយ​រកមើល​ផ្លូវ​ណា​ដែល​មិន​ស្ទះ ​នៅ​​ថ្ងៃ​​បញ្ចប់​​ការឃោសនា​បោះឆ្នោត​​ក្រុមប្រឹក្សា ​ឃុំ​-​សង្កាត់​​នេះ​ ​ដូច្នេះ​សូម​យោគយល់​។

​តែយ៉ាងណាក៏ដោយ អភិបាលរាជធានីភ្នំពេញរូបនេះ បានសន្យាថា នៅ​ថ្ងៃ​បញ្ចប់​ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​២ ខែមិថុនា ​ខាងមុខនេះ រាជធានី​ភ្នំពេញ ​នឹងមាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើរ​។

​ការថ្លែងសុំការយោគយល់​របស់លោក​លោក ប៉ា សុជាតិ​វង្ស បានធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា​ ឆ្នាំ២០១៧នេះ ខណៈដែល​លោក​អញ្ជើញ​ជា​អធិបតីភាពក្នុង​ពិធី​ត្រួតពិនិត្យ​លទ្ធផល​ការដ្ឋាន ដាក់​ប្រព័ន្ឋលូ​និង​ស្ថាបនា​ផ្លូវ​លេខ​៧៧BT ​ប្រវែង​ជិត​៣​គីឡូម៉ែត្រ ​នៅ​សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

សូមបញ្ជាក់ថា ថ្ងៃបិទបញ្ចប់ការឃោសនារកសម្លេងឆ្នោត ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ! លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសហែក្បួនមនុស្សជិត៥ម៉ឺននាក់ ខណៈសម្តេចតេជោ ហ៊ុន សែន​ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងចេញដឹកនាំសមាជិកផ្ទាល់ជាង១៥ម៉ឺននាក់ មានប្រវែងពេលហែរជាង៣០គីឡូម៉ែត្រ ពេញរាជធានីភ្នំពេញ ពោលក្បាលក្បួននៅរង្វង់មូលស្ពានជ្រោយចង្វារ និងកន្ទុយក្បួននៅផ្លូវ៦០ម៉ែត្រឯណោះ។

ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាច​ដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញបង្ហាញផែនទីតម្រាយផ្លូវដង្ហែក្បួនថ្ងៃបិទយុទ្ធនាការឃោសនា​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដែលដឹកនាំឃោសនាផ្ទាល់ដោយប្រធាន​គណបក្សកាន់​អំណាចដ៏មានឥទិ្ធពល សម្ដេចតេជោ ហ៊ុន សែន មានសមាជិកចំនួន ជាង១៥ម៉ឺននាក់ ហែក្បួន​ពេញរាជធានី​ភ្នំពេញចាប់ពីផ្លូវ៦០ម៉ែត្រ រហូតដល់ម្តុំរង្វង់មូលចោមចៅ។ នៅក្នុងការដង្ហែក្បួននោះមានក្បួនចំនួនរហូតដល់១៦ក្បួន គ្រប់បណ្តាខណ្ឌនានានៅរាជធានីភ្នំពេញ។

សូម​បញ្ជាក់​ថា ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​អាណត្តិ​ទី៤ ​មាន​រយៈពេល១៤ថ្ងៃ ​គឺ​ចាប់ផ្តើម​ពី​ថ្ងៃទី២០ ​ខែឧសភា ​ដល់​ថ្ងៃទី០២ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ​។ ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​​ឆ្នោត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នេះ ​ត្រូវ​បាន​គេ​មើលឃើញ​ថា ​មាន​ភាពល្អ​ប្រសើរ​ជាង​អាណត្តិ​កន្លងទៅ ​ដោយ​មិនសូវ​មានការ​ប៉ះទង្គិច​ណាមួយ​រវាង​អ្នកគាំទ្រ ​ឬ​អ្នក​ដង្ហែ​បក្សនយោបាយ​នោះ​ឡើយ​។ ​ភាពល្អ​ប្រសើរ​នេះ ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ​ដោយសារតែ​មាន​កា​រៀបចំ​ល្អ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​និង​ដោយសារតែ​បក្សនយោបាយ​នៅ​កម្ពុជា ​កាន់តែ​មាន​ភាព​ចាស់ទុំ​៕