(ភ្នំពេញ)៖ ក្រុមហ៊ុនកំចាត់សត្វល្អិត ដែលពីមុនមានឈ្មោះថា ប៉ែស្ដប៉ាស្ត័រ ខូអិលធីឌី (Pestbusters Cambodai Co.,Ltd) បានសម្រេចប្រកាសប្ដូរឈ្មោះ​ទៅជា «Antitermite» ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋាន Fox Bistro បន្ទាប់ពីក្រុមហ៊ុននេះ ទទួលបានការគាំទ្រពីអតិថិជន កាន់តែច្រើន និងបញ្ចប់កិច្ចព្រម​ព្រៀង​អាជ្ញាប័ណ្ណ ពីក្រុមហ៊ុន Pestbusters។

លោក ម៉ើ បូរ៉ា នាយកគ្រប់គ្រងទូទៅ​ប្រចាំក្នុងក្រុមហ៊ុន «Antitermite» បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនកំចាត់សត្វល្អិត «Antitermite» នឹងផ្ដល់សេវាកម្មខាងផ្នែកបរិស្ថាន ដំបូងគេបង្អស់​នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង២០ឆ្នាំ​មកហើយ។ ក្រុមហ៊ុន «Antitermite» ត្រូវបានគេស្គាល់ពីមុន ក្រោមឈ្មោះថា ប៉ែស្ដប៉ាស្ត័រ ខូអិលធីឌី (Pestbusters Cambodai Co.,Ltd) ដែលទទួលអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន Pestbusters (អាស៊ីប៉ាស៊ីហ្វិក) អិលធីឌី។

លោកបន្តថា ម្ចាស់ និងប្រធាន គ្រប់គ្រងក្រុមហ៊ុន បានសម្រេចបញ្ឈប់​កិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ ដោយសារតែមានការផ្លាស់ប្ដូរ​មួយចំនួន នៅក្នុងក្រុមហ៊ុន Pestbusters។ ប៉ុន្តែអ្វីៗ មិនត្រូវបានផ្លាស់ប្ដូរ​នោះទេ។ ការផ្លាស់ប្ដូរស្លាកសញ្ញាជាថ្មីនេះ មិនមានការប៉ះពាល់​ដល់ប្រតិបត្តិការ និងការផ្ដល់សេវាកម្មរបស់ក្រុមហ៊ុន​នោះឡើយ។ ផ្ទុយទៅវិញឈ្មោះ​ថ្មីមួយនេះ បានបង្ហាញប្រាប់អ្នកថា ​យើងមិនត្រឹមតែអាច​កំចាត់សត្វល្អិត ចង្រៃនោះទេ យើងថែមទាំងមានជំនាញ​ច្បាស់លាស់ ក្នុងការកំចាត់សត្វក​ណ្ដៀរទៀតផង។ ការផ្លាស់ប្ដូរឈ្មោះនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្ត​របស់យើង ក្នុងការប្រតិបត្តិការ នូវសេវាកម្មដែលយើង​ជឿជាក់ថា ធ្វើបានល្អបំផុត។

លោក ម៉ើ បូរ៉ា បានថ្លែងសង្កត់ធ្ងន់ថា ក្រុមហ៊ុន Antitermite (អេនធីធើម៉ាយថ៍) បានផ្តល់សេវាកម្មដល់​អតិថិជនជាច្រើន ដែលមានដូច​ជា​សណ្ឋារគារធំៗ ​លំដាប់ផ្កាយ៥ អាផាតមិន ខុនដូប្រណីត, ស្ថានទូត​និងបរិវេណជុំវិញស្ថានទូត, វីឡាឯកជន, អគារការិយាល័យពាណិជ្ជកម្ម,​ផ្សារទំនើប, រោងចក្រ, ហាងលក់ម្ហូប និងភេសជ្ជៈ គុណភាពតាមសំណង់ផ្សេងៗ និងគ្រឹះស្ថានដទៃទៀត ប្រកបដោយគុណភាពល្អ​គ្មានគូប្រៀប។ យើងផ្តល់ជូនអតិថិជន នូវតម្លៃថោក សមរម្យ តែប្រកដដោយគុណភាព។ ក្រុមការងារត្រួតពិនិត្យគុណ​ភាពរបស់យើង (QCs) មានចំណេះដឹង និងទទួលបានការបណ្តុះបណ្តាល​ ពីក្រៅប្រទេស រួមជាមួយនឹងបច្ចេកវិទ្យាថ្មីបំផុត ក្នុងការត្រួយពិនិត្យ ដើម្បីធានាថា ទីកន្លែងរបស់អ្នកទទួលបានសេវាកម្ម​ដ៏ល្អឥតខ្ចោះ។

លោកបញ្ជាក់ថា យើងផ្តល់ជូនអតិថិជន នូវរបាយការណ៍ជាទៀងទាត់ ដើម្បីឲ្យអតិថិជនរបស់យើងអាចពិនិត្យវាយតម្លៃ បានរាល់ពេលនៃការធ្វើសេវាកម្ម។ លើសពីនេះទៅទៀត យើងមានកិច្ចប្រជុំ​ជារៀងរាល់សប្តាហ៍ ដើម្បីធ្វើការត្រួត​ពិនិត្យគុណភាពផ្ទៃក្នុង និងដើម្បីពិភាក្សាពីបញ្ហានានា ដែលអតិថិជនរបស់យើង កំពុងប្រឈមមុខ ហើយធ្វើការសម្រេចយកនូវវិធានការណ៍ ដែលចាំបាច់ក្នុងការដោះស្រាយ៕