(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ភូមិត្រពាំងសាលា និងភូមិត្រាំដោក សង្កាត់ពងទឹក ចំនួន៥៨៧ក្បាលដី ដែលស្មើនឹងប្រជាពលរដ្ឋជិត៦០០គ្រួសារ។
លោកអភិបាលខណ្ឌដង្កោ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ នៅពេលដែលទទួលបានប័ណ្ណកម្មសិទ្ធិ ឬប្លង់រឹងនេះហើយ សូមថែរក្សាឲ្យបានល្អ ចៀសវាងការធ្វេសប្រហែស ក្នុងការទុកដាក់ ដែលបណ្តាលឲ្យខូចខាត និងបាត់បង់ព្រោះឯកសារនេះជាឯកសារ សម្រាប់ការសម្គាល់សិទ្ធិកាន់កាប់ដីធ្លី ផ្លូវការរបស់បងប្អូន។
ក្នុងឱកាសនោះ លោកអភិបាល បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ជាមួយគ្នានេះលោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ដែលជានិច្ចកាលតែងបានគិតគូតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការផ្តល់សេវាតម្រូវការ និងសេវាសំណូមពររបស់ ប្រជាពលរដ្ឋ៕