(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងភរិយា បានបន្តជួបសំណេះសំណាល ជាមួយបងប្អូន ខ្មែរឥស្លាម ជាសមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម។

ពិធីជួបសំណេះសំណាលនេះ លោកបានជម្រាបជូនអ្នកចូលរួមអំពីគោលនយោបាយសំខាន់ៗទាំង​១៣ចំណុច របស់គណ​បក្ស ប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ ឃុំ-សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងការប្តេជ្ញាចិត្តរបស់​គណបក្សប្រជាជន ក្នុងការបន្ត ថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹង បំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋ​គ្រប់ៗរូប នៅគ្រប់មូលដ្ឋាន។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ជូនបងប្អូនខ្មែរឥស្លាមថា សមិទ្ធផលជាច្រើនលើស គឺបាននិងកំពុងតែកើតឡើង គ្រប់ទិសទី យ៉ាងពិតប្រាកដ មិនមែនដោយរឿងចៃដន្យនោះឡើយ តែវាកើតឡើងដោយប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកធ្វើវាកើតឡើង ជាអ្នកដែលកសាងប្រទេសពីបាតដៃទទេ ហើយក៏ជាអ្នកដែលលះបង់កម្លាំងកាយចិត្ត និងឈាមស្រស់ ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខ និង​សង្គ្រាមរ៉ាំរ៉ៃដែលពីមុនធ្លាប់បានយាយីទឹកដីកម្ពុជា និងអាយុជីវិតរាស្រ្តកម្ពុជា រងទុក្ខវេទនាជាច្រើនទស្សវត្ស។

​ផ្អែកលើហេតុផលសមស្របខាងលើ ក៏ដូចជាគោលនយោបាយទិសដៅ អនុវត្តបន្តលោកប្រធានគណៈចលនា បាន​រំលឹកដល់មហាជន ឲ្យដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ដោយជម្រាបឲ្យគ្រប់គ្នាសូមកុំភ្លេចទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនៅរំលង ៣ថ្ងៃទៀត គឺថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយសូមបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជាការតបសស្នងសងគុណ យ៉ាងសាកសមបំផុត៕