(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប នឹងចល័តការិយាល័យបោះឆ្នោតពីទឹកជំនន់ នៅខេត្តមួយចំនួន ហើយអាចពន្យារ ១ថ្ងៃ ឬ២ថ្ងៃ បើការិយាល័យនោះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ តែពន្យារពេល សម្រាប់តែការិយាល័យនោះតែប៉ុណ្ណោះ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានទឹកជំនន់ជន់លិចមូលដ្ឋាន ប្រជាពលរដ្ឋ នៅតាមបណ្ដាខេត្តមួយចំនួន ក្រោយមានភ្លៀង ធ្លាក់ជាប់ៗគ្នា ពិសេសនៅខេត្តឧត្តរមានជ័យ ប៉ៃលិន បន្ទាយមានជ័យ ជាដើម។
លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ប្រសិនបើមានការិយាល័យបោះឆ្នោតណា ដែលរងគ្រោះដោយសារទឹកជំនន់ គ.ជ.ប នឹងចល័តទីតាំងការិយាល័យបោះឆ្នោតនោះ ទៅកន្លែងផ្សេងដែលអាចដំណើរការបោះឆ្នោតបានជាធម្មតាតែម្តង។
លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនជាគៀកថ្ងៃបោះឆ្នោតហើយ នៅតែមានបញ្ហាអញ្ចឹង យើងនឹងដូរទីតាំងការិយាល័យនោះ ហើយយើង អាចពន្យារពេលដែរ តែមិនមែនពន្យារថ្ងៃ០៤ នោះទេ ព្រោះថ្ងៃ០៤ ត្រូវតែបោះឆ្នោតនៅទូទាំងប្រទេស បើពន្យារពន្យារ តែ១ឬ២ការិយាល័យ ប៉ុណ្ណោះ»។
លោកអ្នកនាំពាក្យ បានពន្យល់ថា គោលបំណងនៃបោះឆ្នោត គឺដើម្បីឲ្យប្រជាពលរដ្ឋបានទៅបោះឆ្នោត ឲ្យគ្រប់ៗគ្នាតែបើមានបញ្ហា រាំងស្ទះ បណ្ដាលឲ្យប្រជាពលរដ្ឋមិនអាចទៅបោះឆ្នោតបាន តួយ៉ាងដូចករណីទឹកជំនន់ជន់លិចការិយាល័យបោះឆ្នោតនេះជាដើម គ.ជ.ប ត្រូវតែដោះស្រាយ បញ្ហានោះឲ្យបាន ដោយបត់បែនទៅតាមស្ថានភាពជាក់ស្ដែង ហើយបើមានបញ្ហាបង្ខំឲ្យមានការពន្យារពេលបោះឆ្នោត គ.ជ.ប នឹងពន្យារពេលត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃ ប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា បានអះអាងថា គ.ជ.ប មិនទាន់មានការព្រួយបារម្ភអំពីផលប៉ះពាល់ ដល់ការិយាល័យបោះឆ្នោត នៅឡើយទេ ដោយសារតែបញ្ហានេះ នៅមានកម្រិតទាបនៅឡើយ ហើយពិបាកនឹងប៉ាន់ស្មានជាមុន។
បើតាមលោក ហង្ស ពុទ្ធា នៅតាមការិយាល័យបោះឆ្នោតឃុំ-សង្កាត់ ទាំង១,៦៤៦នោះ គ.ជ.ប បានរៀបចំសម្ភារសម្រាប់ការបោះឆ្នោតរួចរាល់ហើយ ពោលរង់ចាំតែពេលវេលានៃការបោះឆ្នោតមកដល់ប៉ុណ្ណោះ ដែលសម្ភារទាំងនោះ មានដូចជា សន្លឹកឆ្នោត ទឹកខ្មៅ បន្ទប់សម្ងាត់ ហិបឆ្នោត ប៊ិចគូសសន្លឹកឆ្នោត និងសម្ភារបន្ទាប់បន្សំផ្សេងៗទៀត។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា បង្កជាទឹកជំនន់ជន់ភ្លៀងលិចផ្ទះប្រជាពលរដ្ឋចំនួន ៣៦ខ្នង ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយឡែក បើតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០១៧ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតច្រើន នៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបនប់ជួរភ្នំក្រវាញ៕