(បាត់ដំបង)៖ រថយន្ត៥គ្រឿង បានបុកបន្តគ្នាបណ្តាលឲ្យរងរបួសមនុស្សជិត១០នាក់ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧B ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះរួមមាន៖ ទី១-រថយន្តម៉ាក Camry សេរី៩៣ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ប.ប 2A 3586, ទី២៖ រថយន្តម៉ាកហីយ៉ានដាយពណ៌ស ពាក់ស្លាកលេខ ប.ប 3A2542, ទី៣៖ រថយន្តម៉ាកហីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ.ព 3A2003, ទី៤៖ រថយន្តម៉ាកកាំម៉ាស់ពណ៌ផ្ទៃមេឃ ពាក់ស្លាលេខ ក១២០៦ ភ.ព3 និង៥៖ រថយន្តម៉ាកក្រែមបឺត (រថយន្តក្រុងដឹកអ្នកដំណើរ ក្រុមហ៊ុនខ្មែរអង្គរ) ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ.ព3C 9534។

តាមសមត្ថមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរ បណ្តាលមកពីរថយន្ត កាំម៉ាសសណ្តោងរម៉ក កំពុងឈប់ ចងតង់បើកពីទិសកើតឆ្ពោះទៅទិសខាងលិច ស្រាប់តែមានរថយន្តធុនធំ១គ្រឿង បើកបរពីក្រោយបើកវ៉ាជែងស្របពេលនោះ មានរថយន្ត១គ្រឿង ទៀតដឹកធុងហ្គាស បើកពីលិចមកកើតបានប៉ះថ្ពាល់រថយន្ត បណ្តាលឲ្យខូចខាតបន្តិចបន្តួច ម្ចាស់រថយន្តទាំង២កំពុងសម្រួលគ្នាជិតត្រូវគ្នាហើយ ស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរបើកបរពីកើតឆ្ពោះទៅទិសខាងលិច បានបុកចំរម៉កសណ្តោង បណ្តាលឲ្យរងរបួសអ្នកបើកបររថយន្តក្រុង និង អ្នករួមដំណើរ។

បច្ចុប្បន្នជនរងគ្រោះត្រូវកម្លាំងសមត្ថកិច្ច​ យកទៅព្យាបាលនៅមន្ទីរពេទ្យបាត់ដំបង ចំណែករថយន្តទាំង៥គ្រឿង ត្រូវសមត្ថកិច្ចស្រុក ប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕