(ភ្នំពេញ)៖ ខណៈដែលប្រទេសកម្ពុជាកំពុងជឿនលឿន និងមានការអភិវឌ្ឍន៍យ៉ាងល្អនោះ សង្កេតឃើញថា មានការរីកដុលដាល ជាច្រើនផ្នែក ក្នុងនោះផងដែរ។ យើងឃើញថា វិស័យធនាគារនៅកម្ពុជាកាន់តែរីករាលដាលទ្វេឡើង ដោយក្នុង​នោះក៏មានវត្តមាន ធនាគារជប៉ុនមួយដែលមានឈ្មោះថា MIXUHO ដែលជាធនាគារលំដាប់អន្ដរជាតិ និងឈានមុខគេនៅក្នុងប្រទេសជប៉ុនកំពុងតែ មានវត្តមានក្នុងប្រទេសកម្ពុជា ហើយវត្តមាននៃធនាគារនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធនាគារ និងបង្កើនកំណើន ​សេដ្ឋកិច្ចនៅកម្ពុជា កាន់តែល្អប្រសើរទ្វេឡើង។

ធនាគារ Mizuho គឺជាស្ថាប័នហិរញ្ញវត្ថុជប៉ុនដំបូង បានបើកសាខានៅក្នុងប្រទេសកម្ពុជា ដោយមានការជួយគាំទ្រយ៉ាងច្រើនផងដែរ។

លោក Teramoto តំណាងធនាគារ Mizuho បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ក្នុងកម្មវិធីជប់លៀងអបអរសាទរ ការបើកដំណើរការ ធនាគារ Mizuho ថា ធនាគារនេះមិនមែនមានតែក្នុងប្រទេសជប៉ុននោះទេ ប៉ុន្ដែមានសាខាចំនួន១១៦នៅបណ្ដា ៣៨ប្រទេស ក្នុងពិភពលោក និងកំពុងពង្រឹងទំនាកទំនងសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយតាមបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំខាន់ៗក្នុងពិភពលោក។

លោកបានបន្ដទៀតថា ប្រទេសកម្ពុជាជាទីតាំដ៏សំខាន់ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសថៃ និងប្រទេសវៀតណាម ប្រទេសកម្ពុជាមានកម្លាំងពលកម្មយ៉ាងសំបូរ ព្រមទាំងមានប្រព័ន្ធលើកទឹកចិត្ត រួមមានប្រព័ន្ធពន្ធដារ និងប្រព័ន្ធគយនិងតំបន់សេដ្ឋកិច្ច ពិសេសជាដើមនេះ គឺជាកត្តាដែលជម្រុញឲ្យសហគ្រាសប្រទេសជប៉ុន មកវិនិយោគនៅប្រទេសកម្ពុជា។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា ការបើកសាខាធនាគារ Mizuho នេះជាសក្ខីភាពនៃការ​ពង្រឹង កិច្ចសហប្រតិបត្តិការ និងស្មារតីសាមគ្គីភាពជាមិត្តភាព នៃប្រទេសទាំង២ កម្ពុជា-ជប៉ុន។ វត្តមានរបស់ធនាគារនេះនឹងបង្ហាញ ពីជំនឿទុកចិត្តរបស់វិនិយោគជប៉ុន មកលើការវិវត្តនៃប្រតិបត្តិការរបស់ធនាគារ ក្នុងបរិបទសន្ដិភាព ស្ថេរភាពនយោបាយ និងស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច និងជំរុញការរួមចំណែកកាន់តែសកម្មនៃវិស័យធនាគារក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកថា ធនាគារ Mizuho និងរួមចំណែកក្នុងការទ្រទ្រង់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា សំដៅគាំទ្រដល់ការអភិវឌ្ឍ និងការ​បង្កើនកំណើនសេដ្ឋកិច្ច ហើយលោកក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់បន្ដនូវស្មារតីចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងស្ថារតីប្រុងប្រយ័ត្ន ក្នុងការកាត់បន្ថយហានិភ័យប្រតិបត្តិការរបស់គ្រឹះស្ថានផ្ទាល់ ធ្វើយ៉ាងណារក្សា បាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងប្រតិបត្តិការងារអាជី​វកម្មរបស់ខ្លួន។

ក្នុងនោះលោក ជា ចាន់តូ បានគូសបញ្ជាក់បន្ថែមទៀតថា រយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ កំណើនសេដ្ឋកិច្ចកម្ពុជាបន្ដកើនឡើង​ប្រកបដោយភាពរឹងមាំក្នុងអត្រាប្រមាណ៧ភាគរយ និងអត្រាអតិផរណាដែលអាចគ្រប់គ្រងបានប្រមាណ៣ភាគរយ ដោយបន្ដរក្សា បាននូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយបរិយាប័ន្ធ ហើយក្នុងឆ្នាំ២០១៦ ប្រាកបញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារបានកើន ដល់ប្រមាណ៦៩ភាគរយ នៃ GDP ហើយឥណទាន បានកើនដល់ប្រមាណ៦៨ភាគរយ នៃ GDP ៕