(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាមហារគ្រួសារ គណបក្សប្រជាជនកម្ពុជា ចំនួន៣០០០នាក់ ជាប្រជាពលរដ្ឋមកពីឃុំស្វាយចេក ឃុំរលួស ឃុំតាបេន នៅវត្តស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា តំបន់ស្វាយចេក គឺជាសមរភូមិសង្រ្គាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងខ្មែរ និងខ្មែរ ដោយប្រជាពលរដ្ឋបានបោះបង់ចោលផ្ទះសម្បែង ភូមិករដើម្បីគេចពីគ្រោះថ្នាក់ នៃគ្រាប់រំសេវ ទីនេះហើយជាទីតាំង បង្ហូរឈាមស្រស់ សាច់ស្រស់របស់យុវជនកូន ប្រជាពលរដ្ឋយើងមានអ្នកខ្លះ បានបាត់បង់ជីវិត។ អ្នកខ្លះបានរងរបួសពិការដាច់ដៃជើង វេទនា ព្រាត់ប្រាស់ប្តីប្រពន្ធកូន កុមារ យុវជនមិនបានទៅសាលារៀនប្រជាពលរដ្ឋ គ្មានពេលធ្វើស្រែចម្ការ នាំមកនូវភាពអវិជ្ជា ក្រីក្រលំបាក ពេលនោះមិនមានគណបក្សណា មកធ្វើការសន្យា ឬជួយដោះស្រាយនូវសម្រែកហៅរកសេចក្តីសុខរបស់ប្រជាពលរដ្ឋឡើយ។ ក្នុងដំណាក់កាលនោះ គណបក្សប្រជាជនដែលជាគណបក្សរបស់ប្រជាជន រួមសុខទុក្ខជាមួយប្រជាជន ដៃម្ខាងកសាងប្រទេស និងការពារប្រជាជនរក្សាសន្តិសុខភូមិករ ពីការលួចឆក់ប្លន់ដុតផ្ទះសម្បែងប្រជាពលរដ្ឋយើង ពីសំណាក់ពួកទ័ពព្រៃប្រតិកិរិយា និងដៃម្ខាងស្វែងរកសន្តិភាពជូនប្រទេសតាមរយះកិច្ចចចារសន្តិភាពបង្រួមបង្រួមជាតិ។
ក្រោយមកក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទាំងមូល មានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយសង្គមពេញផ្ទៃប្រទេសសង្គ្រាមផ្ទៃក្នុងខ្មែរ និងខ្មែរត្រូវបានបញ្ចប់ធ្វើឲ្យ គណបក្សប្រជាជនមានពេលវេលា ដោយរួមគ្នាជាមួយប្រជាជនកសាង បានមកវិញនូវផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសង្គមរីកចម្រើន ទៅមុខលើគ្រប់វិស័យ ការអនុគ្រោះមិនយកពន្ធដីធ្លី គ្រឿងបរិក្ខារបម្រើដល់វិស័យកសិកម្ម ការប្រែក្លាយតំបន់ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នា ទៅជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺដើម្បីសម្រួលជីវភាពរស់នៅកាត់បន្ថយបាននូវភាពក្រីក្រជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែឆាប់រហ័ស ដែលយើងបានឃើញទាំងអស់គ្នា។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានស្នាដៃ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ នៅជាមួយប្រជាជនគ្រប់ កាលៈទេសៈ ទាំងអស់គិតតែពីការកសាងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែមិនចេះសន្យាចោលទេ លោកក៏បានថ្លែង អំណរគុណដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ទំនុកចិត្តបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនគ្រប់ អាណត្តិទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជាតិ។
ជាទីបញ្ចប់ នាយឧត្តមសេនីយ៍កែ គឹមយ៉ាន បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃឱ្យបានល្អ ដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់ មួលបង្កាច់ពីសំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។
ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឱ្យការបោះឆ្នោតដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតាមលេខរៀងដែលបានកំណត់សម្រាប់ឃុំ សង្កាត់នីមួយៗ ឱ្យបានគ្រប់គ្នានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ដើម្បីរួមដំណើរជាមួយគ្នាបន្តកសាង អភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕