(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចាត់ទុកថា របាយការណ៍អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលចេញផ្សាយកាលពីម្សិលមិញ មានចេតនាទុច្ចរិច្ច ហើយជាការឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីវាយទម្លាក់ប្រជាប្រិយភាពរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន មុនពេលបោះឆ្នោត។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី អង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយនូវរបាយការណ៍មួយដោយចោទថា រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកម្ចាត់អ្នករិះគន់ និងថាគណបក្សកាន់អំណាចក៏បានប្រើវិធានការបំបាត់សិទ្ធិសេរីភាពបញ្ជេញមតិ ការជួបជុំដោយសន្តិវិធី មុនការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ផងដែរ។
ជាមួយនឹងការច្រានចោលនូវរបាយការណ៍របស់អង្គការនេះ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា របាយការណ៍នៃអង្គការនេះ មានចរិតនយោបាយសុទ្ធសាធ ហើយចេញផ្សាយដូចអ្វីដែលមេដឹកនាំគណបក្សសង្រ្គោះជាតិ ធ្លាប់បានលើកឡើង នៅក្នុងយុទ្ធនាការឃោសនា នាពេលកន្លងមក។
លោកថ្លែងថា «អង្គការនេះបង្ហាញនិន្នកានយោបាយ។ អង្គការនេះបានជ្រើសរើសពេលវេលាមួយ ដែលយើងកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយអ្វីដែលមេដឹកនាំគណបក្សសង្រ្គោះជាតិធ្លាប់បានលើកឡើង គឺមានខ្លឹមសារដូចទៅនឹងរបាយការណ៍របស់អង្គការនេះឯង»។ លោកបន្ថែមថា «របាយការណ៍អង្គការនេះ មាននិន្នាការនយោបាយ ហើយជាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា»។
លោក ផៃ ស៊ីផាន បានបន្ថែមទៀតថា ស្ថាប័នតុលាការកម្ពុជា ធ្វើការទៅតាមអ្វីដែលជាសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ គ្មានស្ថាប័នណាអាចលូកលាន់ ឬ ជ្រៀតជ្រែកដល់កិច្ចការងារតុលាការឡើយ។ រាល់ការវិនិច្ឆ័យរបស់តុលាការ គឺធ្វើឡើងទៅលើអង្គហេតុ និងនីតិវិធីតែប៉ុណ្ណោះ។
កន្លងទៅអង្គការលើកលែងទោសអន្តរជាតិ ក៏ធ្លាប់បានចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍ជាច្រើន ដែលវាយប្រហារទៅលើរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕