(បន្ទាយមានជ័យ)៖ គិត​ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសល់តែ៤ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ហើយ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ថ្នាក់ដឹកនាំ និងសកម្មជន​របស់គណបក្សសង្គ្រោះជាតិ ទូទាំងខេត្តបន្ទាយមានជ័យ ជិត៣ពាន់នាក់ បានចាកចេញពីគណបក្សមួយនេះ ហើយសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលបក្សមានចាស់ទុំ និងមិនចេះសន្យាខ្យល់។

នេះបើតាម លោក អាត់ ខែម សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៧។

លោក អាត់ ខែម បានបញ្ជាក់ថា ក្រោមការណែនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានធ្វើឲ្យថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សប្រឆាំង យល់ច្បាស់ពីគោលនយោបាយរបស់បក្សកាន់អំណាច ដែលមិនបោកប្រាស់ ភូតភរដូចបក្សប្រឆាំងឡើយ ពោលគណបក្សប្រឆាំង មិនដែលបានធ្វើអ្វីសម្រេចជូន​ពលរដ្ឋបានម្ដងនោះទេ មានតែយកសមិទ្ធផលរបស់បក្សកាន់អំណាចទៅអួតថារបស់ខ្លួនតែប៉ុណ្ណោះ កត្កាទាំងនេះហើយ ដែលធ្វើឲ្យសកម្មជនទាំងនោះ ភ្លឺភ្នែក និងងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោកបន្ថែមថា ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងសកម្មជនទាំងនោះ យ៉ាងរួសរាយរាក់ទាក់ ប្រកបដោយភាពកក់ក្ដី ដែលនេះសបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបន្ទន់កាយចិត្ត ទទួលយកសមាជិកថ្មីជានិច្ច ដោយមិនប្រកាន់ពីនិន្នាការនយោបាយចាស់ឡើយ។

បើតាមលោក អាត់ ខែម ក្រៅពីសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏នៅមានគណបក្សហ្វ៊ុន ស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិដែរ ដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សរុបជិត៣ពាន់នាក់។

សកម្មជន សមាជិកបានថ្លែងស្រដៀងៗគ្នាថា ការចាកចេញនោះដែរ ទន្ទឹមដែលថ្នាក់ដឹកនាំកំពូលគណបក្សប្រឆាំងមួយនេះ កំពុងមានរឿងអាស្រូវស្រីញី បែកធ្លាយការកំណត់ឲ្យចៅសង្កាត់ និងមេឃុំជាប់ឆ្នោត ត្រូវរកប្រាក់បង់ចូលបក្សសង្រ្គោះជាតិ រឿងអាស្រូវពុករលួយ យកប្រាក់បានមកពីការរៃអង្គាសប្រាក់ ពីសប្បុរសជនក្នុង និងក្រៅប្រទេសបើកទូរទស្សន៍ព្រះអាទិត្យ យកមកចាយវាយអស់ រឿងអាស្រូវអំពើអយុត្តិធម៌ ពាក់ព័ន្ធអ្នកមានប្រាក់ឲ្យឈរឈ្មោះ បេក្ខជនឃុំសង្កាត់ លំដាប់លេខរៀងទី១ បើអ្នកអត់លុយត្រូវដាក់លេខរៀង នៅតាមក្រោយអ្នកដែលបានបង់ប្រាក់ តាមលំដាប់ជាបន្តបន្ទាប់ ។

ការចេញនោះ ដែរខណៈដែលគណបក្សសង្រ្គោះជាតិ ដាក់ចេញនូវគោលនយោបាយដូរមេឃុំបម្រើបក្ស ដាក់មេឃុំបំរើរាស្រ្ត ដែលជាគោលនយោបាយបំបែកបំបាក់ឲ្យខ្មែរ និងខ្មែរបែកបាក់គ្នា និងមានការរើសអើង គណបក្សសង្រ្គោះជាតិ ក៏កំពុងបាត់បង់អ្នកគាំទ្រនៅខាងក្រៅប្រទេស ផងដែរ៕