(ភ្នំពេញ)៖ កម្ពុជាជោរជន់ដោយសេរីភាព និងប្រជាធិបតេយ្យរហូតបក្ស និងសកម្មជននៃបក្សនោះខ្លះបានប្រើប្រជាធិបតេយ្យ និងសេរីភាពជ្រុលហួស និងពេលខ្លះបានក្លាយទៅជាអនាធិបតេយ្យ និងចលាចលសង្គម បំពានច្បាប់ទម្លាប់របស់ប្រទេស។ បុគ្គលដែលប្រកបដោយលោភៈ ទោសៈ មោហៈ មួយចំនួនបានស្លៀកស្បង់ជីវរ យកសាសនាធ្វើខែល ដើម្បីផលប្រយោជផ្ទាល់ខ្លួន និងបក្សពួក។ បុគ្គលដែលយកភេទជាព្រះសង្ឃមកបិទបាំង គឺ លួន សាវ៉ាត ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនា អង្គុយលើដំបូលឡាន ដើរតួនាទីជាឃោសនិកនយោបាយផង និងជាអ្នកសារព័ត៌មាន ជាអ្នកញុះញង់ផង។ ចុះបើចង់ប្រឡូកប្រឡាក់នឹងរឿងនយោបាយ ហេតុអ្វីមិនសឹកដោះស្បង់ជីវរចោលសិនទៅ កុំឱ្យខូចដល់ព្រះសង្ឃដទៃទៀត?
សុំមិនហៅថា អាចោរថង់យាមដូចមេបក្សកណ្តឹង ខឹម វាសនា ទេ តែសុំហៅ លួន សាវ៉ាត គឺជាសង្ឃទ្រូស្តសីល បួសជាសង្ឃតែមិនប្រតិបត្តិធម៌ មិនតាំងខ្លួនជា ឋានៈឱ្យខ្ពស់ជាងទាយកទាយិកា អ្នកគោរពប្រតិបត្តិសាសនា បែរជាទម្លាក់ខ្លួនដូចគ្រហស្ថ មិនមែនជាឧត្តមភេទ មិនមែនជាស្រែបុណ្យរបស់ពុទ្ធបរិស័ទទាំងឡាយ ហើយធ្វើឱ្យខូចព្រះកិត្តិនាមដល់សាវ័កជាព្រះសង្ឃផ្សេងទៀតទូទាំងនគរ។ ពុទ្ធបរិស័ទហួសចិត្តដែលបុគ្គល លួន សាវ៉ាត ធ្វើជ្រុលពីពុទ្ធឱវាទរបស់ព្រះពុទ្ធព្រះបរមគ្រូ និងធ្វើឱ្យកំពប់ធម៌ កំពប់បុណ្យរបស់ពុទ្ធបរិស័ទ។
អ្នកកាន់ពុទ្ធសាសនាសំពះព្រះសង្ឃ លួន សាវ៉ាត ដូចសំពះប៉ះចំកូនអ្នកស្រុកមិនទទួលបានបុណ្យទេ ព្រោះបុគ្គលតាំងខ្លួនជាសង្ឃរូបនេះគ្មានចិត្តបរិសុទ្ធ ជាស្រែបុណ្យពិត ប៉ុន្តែជាអ្នកសមគំនិត ចូលរួមញុះញង់ និងបង្កឱ្យមានជម្លោះផ្នែកទស្សននយោបាយរវាងពុទ្ធបរិស័ទ។ ព្រះសង្ឃជានិមិត្តរូបនៃសេចក្តីស្ងប់ សន្តិភាព និងភាពសុខដុមរមណីយកម្មក្នុងសង្គម ប៉ុន្តែសម្រាប់ លួន សាវ៉ាត គឺជាបុគ្គលដែលដើរញុះញង់ឱ្យសង្គមបែកបាក់ មានភាពលម្អៀងផ្ទុយពីពុទ្ធទូន្មាន និងស្រែកពាក្យថាប្តូរៗដើម្បីនាំទុក្ខដល់រាស្ត្រដទៃ ហើយយកព្រះពុទ្ធសាសនាមកបិទបាំងទង្វើស្មោគគ្រោករបស់់ខ្លួនដែលឈ្លក់វង្វេងនឹងនយោបាយយកពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធមកបកស្រាយខុសដើម្បីការពារទង្វើអាក្រក់របស់ខ្លួន។
កាលដែល លួន សាវ៉ាត ចូលធ្វើនយោបាយទាំងគ្រងស្បងជីវរនេះក៏ព្រោះតែអាច យកសាសនាមកបិទបាំងសកម្មភាពនយោបាយខ្លួន និងបក្សពួកខ្លួន ហើយម្យ៉ាងទៀតងាយស្រួលក្នុងការដើរអង្គាសបច្ច័យដាក់ក្នុងថង់យាមឯកជនរបស់ខ្លួន។ បើសឹកជាគ្រហស្ថធម្មតា អាចយ៉ាប់ក្នុងការស្វែងរកការគាំទ្រព្រោះមនុស្ស ធម្មតាតាំងខ្លួនជាសកម្មជនបក្សប្រឆាំងមានច្រើន បង្កើតគណនីធនាគារដើម្បីចាំទទួលជំនួយពី ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។ បុគ្គល លួន សាវ៉ាត នេះ ហ៊ាន រហូតជេរអាជ្ញាធរដូច ប៊ុត ប៊ុនតិញ ដែរ។ ធម៌ក៏សូត្រ ជេរប្រទេចផ្តាសាក៏ធ្វើ។ សង្ឃនយោបាយដើម្បីលាភសក្ការៈ និងជ្រកក្រោមស្លាកសង្ឃស្នេហាជាតិ។ បើចង់ក្រកួតស្មើភាពជាមួយពុទ្ធបរិស័ទ បុគ្គល លួន សាវ៉ាត គួរដោះស្តង់ជីវរចេញ ហើយកុំកេងចំណេញពីព្រះពុទ្ធសាសនា ប្រយ័ត្នព្រះប្រោះមិនកើត។
ក្រសួងធម្មការ និងសាសនា ក៏គួរពិនិត្យលើករណីនេះផងដើម្បីកុំឱ្យខូចដល់ព្រះសង្ឃល្អៗជាច្រើនអង្គទៀត ដើម្បីទុកលោកធ្វើបុណ្យ ធ្វើជាស្រែបុណ្យ។
បក្សប្រឆាំង ក៏គិតពីសីលធម៌នៃការធ្វើនយោបាយ គួរប្រាប់សង្ឃមួយចំនួនដែលងប់នឹងនយោបាយ សូមនៅមួយកន្លែង ព្រះអង្គមានសិទ្ធិជឿ និងមាននិន្នាការនយោបាយ ព្រោះវាហាក់ដូចជា ប៉ះពាល់អារម្មណ៍ខ្លាំងដល់ប្រជាពលរដ្ឋពេល បុគ្គលសង្ឃមួយចំនួនយកឧត្តមភេទជាព្រះសង្ឃមក ជាន់ឈ្លីដូច្នេះ។ បើព្រះសង្ឃមួយចំនួនធ្វើដូចបុគ្គល លួន សាវ៉ាត ប៊ុត ប៊ុនតិញ ឬបុគ្គលជាសង្ឃផ្សេងទៀត តើអនាគតសាសនាព្រះពុទ្ធ នៅកម្ពុជាទៅជាយ៉ាងណា បើបុគ្គលមួយចំនួនដែលតាំងខ្លួនជាសង្ឃ ជ្រកក្រោមព្រះពុទ្ធសាសនា គាំទ្របក្សប្រឆាំងយកសាសនាមកជាន់ឈ្លីតាមអំពើចិត្តយ៉ាងនេះ?
សូមធ្វើឱ្យដូចព្រះសង្ឃភាគច្រើនលើសលប់ដែលបាន និងកំពុងតែគោរពប្រតិបត្តិធម៌វិន័យបានល្អ និងសូមកុំយកសាសនាមកលាយឡំនឹងនយោបាយ!!
ដោយ៖ ចៅចាក់ស្មុក