(ភ្នំពេញ)៖ អតីតសកម្មជនបក្សប្រឆាំងមួយចំនួនធំដែលអស់ជំនឿ និងបានចាកចេញពីបក្សនេះមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ឬជាមួយ បក្សថ្មីទៀតពិតជាមានបទពិសោធនៃភាពឈឺចាប់ក្នុងចិត្តដោយសារតែ ការត្មេះតិដៀលពីសំណាក់អតីតសហសេវិកក្នុងបក្សតែមួយ។ លោក កែវ រ៉េមី, លោក សុក ផេង លោកជ្រា សុចិន្តា លោក វ៉ាន់ សំអឿន ដែលជាអតីតតំណាងរាស្ត្រ លោក សុខ សម្បត្តិ លោក យិន សូផា ជាមេឃុំចៅសង្កាត់ ហើយថ្មីៗនេះមានទាំងអ្នកសិល្បៈ និងអ្នកគាំទ្រមួយចំនួនដែលធ្លាប់ត្រូវបានគេហៅថាជាអ្នកសេ្នហាជាតិ ប៉ុន្តែនៅពេលដែលអស់ជំនឿនិង យល់ថា បក្សប្រឆាំង គឺជាបក្សដែលពោរពេញដោយភូតកុហក និងធ្វើនយោបាយបោកប្រាស់រាស្ត្រ ហើយចាកចេញ ពីបក្សនេះ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ឬទៅចូលរួមជាមួយបក្សផ្សេង ពួកគាត់ត្រូវបានប្តូរឋានៈពីអ្នកស្នេហាជាតិ វិរបុរសទៅជាពួកក្បត់ជាតិ ពួកលក់ខ្លួន លក់ក្បាល ពួកអាយ៉ង ពួកសំរាម ។
* ហេតុអ្វីបានជាយើងជាជនជាតិខ្មែរដូចគ្នា ចាំបាច់លាបពណ៌ដាក់គ្នា?
អតីតសកម្មជនបក្សប្រឆាំងមួយចំនួនដែលបានចាកចេញពីបក្សប្រឆាំងបានរៀបរាប់ឱ្យដឹងថា ពួកគាត់បានលះបង់សព្វបែបយ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យសម្បត្តិដើម្បីជួយបក្ស ប៉ុន្តែទីបំផុតការលះបង់ និងគុណរបស់ពួកគាត់ត្រូវបានបំផ្លាញដោយការច្រណែនឈ្នានីសពីសំណាក់មនុស្ស នៅក្នុងបក្សខ្លួនឯង និងមានភាពផ្តាច់ការក្នុងបក្ស ព្រមទាំងពុករលួយ កឹបកេងលុយមូលនិធិ និងជំនួយពីសកម្មជនពីក្រៅប្រទេស និងការលាបពណ៌លើគ្នាឯងថា លក់ខ្លួន លក់ក្បាល ក្បត់បក្សនៅពេលខ្លួននិយាយអំពីការពិត។ បក្សប្រឆាំងចូលចិត្តបំផុតអ្នកដែលចេះលាបពណ៌ និងចុះភូតកុហកដូចខ្លួន និងគ្មានការស្តាប់មេស្តាប់កើយឡើយ ឈ្លោះផ្ទៃក្នុងគ្មានពេលស្រាកស្រាន្ត។ ការលះបង់របស់ខ្លួនពីមុនគ្មានអ្វីជាការ តបស្នង គ្មានន័យអ្វីបន្តិចឡើយ ក្រៅពីពាក្យថាក្បត់ជាតិ ក្បត់បក្ស។
នេះក៏ដោយសារតែបក្សប្រឆាំងបានផ្តោតសំខាន់លើការបណ្តុះមនោគមន៍វិជ្ជាញុះញង់ លាបពណ៌លើគណបក្សប្រជាជនកម្ពុជា និងសកម្មជនគាំទ្របក្សនេះ និងបង្កឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍ ហើយសកម្មជនមួយចំនួនដែលមិនទទួលបានការអប់រំខ្ពស់ពោរពេញដោយអំពើហិង្សាដូចជាការហែបក្ស កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ សកម្មជនហែរបក្សសង្គ្រោះជាតិបានវាយយុវជនម្នាក់ដែលគ្រាន់តែសុំផ្លូវធ្វើដំណើរ។ តើនេះឬជាសីលធម៌នៃមនុស្សចេះដឹង?
បក្សប្រឆាំងបានបង្រៀនសកម្មជនខ្លួនឱ្យមានភាពក្លាហាន ទោះបីជាខ្លួនខុសច្បាប់យ៉ាងណាក៏ដោយ។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។
អ្នកប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោសតាមច្បាប់។ តើមានប្រយោជន៍អ្វីក្នុងការលាបពណ៌គ្នានេះ? គ្មានទេ ! ប៉ុន្តែដើម្បីទាក់ទាញការគាំទ្រសំឡេងឆ្នោតរបស់ខ្លួន បក្សប្រឆាំងហ៊ានបញ្ឆេះកំហឹងវណ្ណៈ និងលាបពណ៌ជនជាតិខ្មែរដែលស្លូតត្រង់ទៅជាជនជាតិវៀតណាម ទៅជាជនក្បត់ជាតិ។
បើមិនចូលក្នុងជំរុំខ្លា មិនដឹងថា សត្វខ្លានោះសាហាវយ៉ាងណាទេ! អតីតសកម្មជនបក្សប្រឆាំងដែលចាក ចេញនិងទទួលរងនូវការវាយប្រហារចោទប្រកាន់ ក្បត់ជាតិ ឬលក់ក្បាលឱ្យគណបក្សប្រជាជនកម្ពុជា គួរកុំតូចចិត្តតែត្រូវសប្បាយចិត្តវិញថា អ្នកបានចាកចេញពីបន្ទាយនៃសត្វសាហាវ និងកន្លែងនៃការភូតកុហក ឃោសនាបោកប្រាស និងមានចរិតញុះញង់ បញ្ឆេះកំហឹង ហើយបានមករស់នៅក្នុងផ្ទះទេវតាដែលមានភាពត្រជាក់ត្រជុំឱ្យតម្លៃ និងគោរពមនុស្សដូចគ្នា ទោះបីជាអ្នកនៅបក្សផ្សេង ប៉ុន្តែក្រោមការគ្រប់គ្រង និងដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺមនុស្សគ្រប់ជំពូកអាចរស់នៅបានដោយសុខស្រួល និងមានសិទ្ធិ សេរីភាពពេញលេញ។ ប៉ុន្តែបើក្រុមបក្សប្រឆាំងគ្រប់គ្រងប្រទេសច្បាស់ទេ ថាអ្នកដែលមាននិន្នាការបក្សផ្សេងៗអាចរស់នៅបានដោយសុខស្រួលនោះ?
ចម្លើយច្បាស់ណាស់ថា ពួកគេនឹងប្រើទ្រឹស្តីទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ គ្រាន់តែមើលចរិតរបស់សកម្មជនបក្សប្រឆាំងមួយចំនួន ពេលនេះដឹងហើយថាគ្មានអ្វីជាការទុកចិត្តរបស់រាស្ត្រឡើយ។ តើយើងគួរបណ្តោយឱ្យក្រុមមារទាំងឡាយបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់យើងទេ? ដាច់ខាតយើងត្រូវចូលរួមការ ពារទាំងអស់គ្នាប្រឆាំងនឹងការប៉ុនប៉ងអូសកម្ពុជាចូលក្នុងបដិវត្តន៍ពណ៌ និងភាពចលាចលជាថ្មីដូចក្នុងអតីតកាល! រួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍរបស់យើង! (ទស្សនៈពីមហាជន)
* អតីតអ្នកគាំទ្របក្សសង្រ្គោះជាតិដ៏ស្រស់សោភា កញ្ញា សូ ធារ៉ា ត្រូវបានគេជេរថា «ជនក្បត់ជាតិ និងលក់ក្បាលឲ្យយួន» ក្រោយពេលឈប់គាំទ្របក្សនេះ (ស្តាប់ការរៀបរាប់ទាំងឈឺចាប់របស់កញ្ញា)