(ព្រះវិហារ)៖ ជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាប ព្រមទាំងរឹបអូសវត្ថុតាងបានមួយចំនួន ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ។
តាមសម្តីនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់អង្គភាព Fresh News ទទួលបានឲ្យដឹងថា ដោយទទួលពត៌មានពីប្រជាពលរដ្ឋ ស្តីពីសកម្មភាពជនសង្សយ័៣នាក់កំពុង់ចែកចាយគ្រឿងញៀន កម្លាំងអធិការស្រុកជាំក្សាន្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំជាំក្សាន្ត បានធ្វើការពួនស្ទាក់ចាប់ជនសង្សយ័ទាំង៣នេះ ប៉ុន្តែក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើង ចាប់បានតែម្នាក់រួម និងវត្ថុតាងមួយចំនួន ដោយឡែក២នាក់ទៀតបានរត់គេចខ្លួន។
កម្លាំងសមត្ថកិច្ចស្រុក បានបន្តថា ជនសង្សយ័ដែលសមត្ថកិច្ចចាប់ខ្លួន បានឈ្មោះ ម៉ែន រះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិហាលថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទោះជាយ៉ាងណាសមត្ថកិច្ច កំពុងស្រាវជ្រាវស្វែងរកចាប់ជនសង្សយ័២នាក់ នេះជាបន្តទៀតដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ក្រោយពការសួរនាំរួចសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនសង្សយ័ និងវត្ថុតាងទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕