(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នឹងទិញនំបញ្ចុកប្រមាណពីរតោនធ្វើពិធីជប់លៀងជូនប្រជាពលរដ្ឋនៅអគារប៊ូឌីញ ក្រោយពេលពួកគេបានព្រមព្រៀងលក់ផ្ទះជូនទៅក្រុមហ៊ុន Arakawa របស់ជប៉ុន ក្នុងតម្លៃ ១,៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ជា សុផារ៉ា បានប្រកាសក្រោយពេលជួបប្រជុំជាលើកចុងក្រោយជាមួយប្រជាពលរដ្ឋនៅអគារប៊ូឌិញ ដែលបានចុះកិច្ចសន្យាលក់អគារស្នាក់នៅរបស់ខ្លួនជូនក្រុមហ៊ុននៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះថា ពិធីជប់លៀងហូបនំបញ្ចុកនេះ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ។ ក្រៅពីការហូបនំបញ្ចុកក្នុងពិធីនោះ ក៏មានការលេងភ្លេងរាំសប្បាយផងដែរ។
ក្រៅពីការហូបនំបញ្ចុក និងរាំលេងកម្សាន្ត ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ ក៏នឹងរៀបចំពិធីតាមបែបសាសនាលាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន មុននឹងពួកគេចាកចេញពីកន្លែងធ្លាប់រស់នៅជាច្រើនឆ្នាំមកនោះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញ ៤៦៤គ្រួសារ ស្មើនឹង ៩៤.៣០ភាគរយហើយ បានចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួនឲ្យទៅក្រុមហ៊ុន Arakawa របស់ជប៉ុន ហើយនៅសល់តែ ២៩គ្រួសារទៀតប៉ុណ្ណោះមិនទាន់បានចុះកិច្ចសន្យានៅឡើយ។
អគារប៊ូឌីញ «ស» ដែលមានទំហំសរុប ៤៩៣ឯកតា មានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយមានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕