(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានថ្លែងថា ការប៉ុនប៉ងលុបក្រសួងអភិវឌ្ឍន៍ជនបទរបស់គណបក្សប្រឆាំង ក៏ព្រោះតែដោយសារ ក្រសួងនេះបានរារាំងដល់ដំណើរការនយោបាយរបស់បក្សសង្រ្គោះជាតិ ក្នុងការឃោសនាភូតភរប្រជាពលរដ្ឋ។ លោកថ្លែងថា ក្រសួងអភិវឌ្ឍន៍ជនបទ បានស្តារសេដ្ឋកិច្ច និងអភិវឌ្ឍមូលដ្ឋាននានា ធ្វើពលរដ្ឋបានដឹង និងឃើញច្បាស់អំពីសមិទ្ធផលរាជរដ្ឋាភិបាល ហើយមិនជឿលើការញុះញង់របស់ក្រុមអ្នកប្រឆាំង។
ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី សេរី កុសល បានធ្វើឡើងស្របពេល ដែលមានប្រតិកម្មពីភាគីពាក់ព័ន្ធនានា ជុំវិញការលើកឡើងរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអះអាង នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ថា លោកនឹងលុបចោល ក្រសួងអភិវឌ្ឍន៍ជនបទ នៅពេលណាដែលគណបក្សរបស់លោក ជាប់ឆ្នោត។
លោក សេរី កុសល បានថ្លែងបន្ថែមថា អ្វីដែលជាឃោសនារបស់ ប្រមុខបក្សប្រឆាំងមួយនេះ វាមិនអាចទៅរួចទេ ព្រោះក្រសួងអភិវឌ្ឍជនបទ ជាស្ថាប័នមួយ ដែលជួយស្តារសេដ្ឋកិច្ចប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ។ លោកថ្លែងថា «យើងបានដឹងហើយថា ក្រសួងមួយនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន នៅតាមទីជនបទដូចជា ជីកស្រះទឹក កសាងទំបន់ទឹក តូច ធំ ផ្លូវថ្នល់ខ្វាត់ខ្វែងកាលពីមុនជាផ្លូវលំឲ្យប្រែក្លាយ ជាផ្លូវចាក់គ្រោះក្រហម ហើយខាងក្រសួង នឹងចាក់កៅស៊ូទាំងអស់ នៅតាមជនបទភូមិ-ឃុំ ហើយក្នុងមួយឆ្នាំៗក្រសួងបានចាក់ផ្លូវក្រាលកៅស៊ូ រាប់ពាន់គីឡូម៉ែត្រ ដូច្នេះក្នុងមួយខេត្ត មានផ្លូវក្រាលកៅស៊ូ រាប់រយគីឡូម៉ែត្រដែលធ្វើ ឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើជាដើម»។
លោកបានបញ្ជាក់ថា «ក្រសួងអភិវឌ្ឍជនបទហ្នឹងជាអ្នកដែលរាំរាំងដល់ដំណើរ ការនយោបាយរបស់គេ ព្រោះបក្សប្រឆាំងតែងតែឃោសនាប្រាប់ទៅប្រជាពលរដ្ឋថា រដ្ឋាភិបាលមិនបានកសាងអ្វីសោះនៅតាមមូលដ្ឋាន សូម្បីតែបន្គន់ទឹក»។
លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ បោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាក្រសួងអភិវឌ្ឍន៍ជនបទ តទៅទៀត។ លោកថ្លែងថា «គណបក្សខ្លួនឈ្នះឆ្នោតនឹងលុបបំបាត់ ក្រសួងនេះចោល ដូច្នេះសូមបងប្អូនពិចារណាថា តើបោះឆ្នោតឲ្យអ្នកណា គឺមានតែបោះឆ្នោតឲ្យគណបក្សប្រជាជន សូមបងប្អូនទាំងអស់គ្នាពិចារណា ទៅលើពាក្យសម្តីរបស់គណបក្សប្រឆាំងឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តបោះឆ្នោតជូនគណបក្សប្រឆាំង»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានបង្កើតក្រសួងអភិវឌ្ឈន៍ជនបទ នៅក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត កាលពីឆ្នាំ១៩៩៣ ដើម្បីរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ។ ជំហរនៃក្រសួងនេះ គឺបង្ហាញឱ្យឃើញនូវសារសំខាន់ក្នុងការយកចិត្តទុក ដាក់ទៅលើ «ការលើកស្ទួយកំរិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រជនបទ»។ ក្រសួងនេះទទួលខុសត្រូវលើការងារអភិវឌ្ឍជនបទចំរុះថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងក្របខណ្ឌទូទាំងព្រះរាជាណាចក្រកម្ពុជា។ លើកស្ទួយកំរិតនៃការរស់នៅ និងគុណភាពនៃជីវភាពរបស់ប្រជារាស្ត្រជនបទ ដោយកាត់បន្ថយ ភាពក្រីក្រតាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជា ផ្លូវលំជនបទ ការផ្គត់ផ្គង់ទឹក ជនបទជាដើម៕