(ភ្នំពេញ)៖ ក្រោមការសម្របសម្រួលរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍រស់នៅអគារប៊ូឌីញ «ស» បានសម្រេចចិត្តលក់លំនៅដ្ឋានរបស់ខ្លួនឲ្យទៅក្រុមហ៊ុនជប៉ុន Arakawa ទាំងអស់ហើយ តែពលរដ្ឋជាង៤ភាគរយមិនទាន់ចុះកិច្ចសន្យាលក់ផ្ទះនៅឡើយទេ។ នេះបើតាមការអះអាងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខតទៅ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានឯកភាពរុះរើសម្ភារៈរបស់ខ្លួនចេញពីលំនៅដ្ឋាន ហើយនៅពេលរុះរើអស់ និងបិទទ្វារផ្ទះ ប្រជាពលរដ្ឋអាចទៅទទួលប្រាក់នៅធនាគារ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីដដែល។
ក្នុងកិច្ចពិភាក្សាដដែល លោក ជា សុផារ៉ា បានឯកភាពជាមួយប្រជាពលរដ្ឋប៊ូឌីញថា នឹងជប់លៀងពិសាអាហារសាមគ្គីជុំគ្នា នៅថ្ងៃទី១០ ខែមិថុនា ខាងមុខ ដើម្បីអបអរសាទរជោគជ័យដ៏ត្រចះត្រចងមួយនេះ ហើយប្រជាពលរដ្ឋក៏បានមូលមតិគ្នាថា នឹងរៀបចំពិធីលាម្ចាស់ទឹកម្ចាស់ដី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅថ្ងៃជាមួយគ្នានោះផងដែរ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន។
មន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧តទៅ ប្រជាពលរដ្ឋបានឯកភាពថា នឹងចាប់ផ្ដើមរុះរើសម្ភារៈរបស់ខ្លួន និងបិទទ្វារផ្ទះ ហើយទទួលយកសែកប្រាក់នៅធនាគារក្នុងមួយគ្រួសារសែកប្រាក់មួយ ដែលគិតក្នុងមួយម៉ែត្រការ៉េ ១,៤០០ដុល្លារ ដូចដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ»។
មន្រ្តីដដែលបានបន្តថា ក្រៅពីទទួលបានសែកប្រាក់ទៅតាមទំហំលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋក៏នឹងទទួលបានលុយសុទ្ធចំនួន ១០០ដុល្លារអាមេរិក ថែមទៀត ដែលផ្ដល់ដោយក្រុមហ៊ុន Arakawa ព្រមជាមួយអំណោយរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ផ្ទាល់មួយចំនួនទៀត ដូចជា សារ៉ុង ក្រមាជាដើម។
ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តី ដ៏ប៉ិនប្រសព្វរូបនេះ កិច្ចសម្របសម្រួលបានដំណើរការឡើងដោយជោគជ័យ និងទទួលយកបានទាំងអស់គ្នា ហើយប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុន Arakawa ក៏មានភាពសប្បាយរីករាយផងដែរ។
បើតាមក្រសួងរៀបចំដែនដី គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ប្រជាសហគមន៍រស់នៅអគារប៊ូឌីញ «ស» ចំនួន ៤៦៤គ្រួសារ ស្មើនឹង ៩៤.៣០ភាគរយហើយ ដែលបានទៅចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យទៅក្រុមហ៊ុន Arakawa របស់ជប៉ុន នៅក្រសួងរៀបចំដែនដី ពោលនៅសល់តែ ២៩គ្រួសារទៀតប៉ុណ្ណោះ។
សូមជម្រាបថា អគារប៊ូឌីញ «ស» មានទំហំសរុបចំនួន ៤៩៣ឯកតា មានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕