(ភ្នំពេញ)៖ កញ្ញា សូ ធារ៉ា ម្ចាស់សំនៀងបទ «យួនចូលស្រុក» ក្នុងក្បួនឃោសនារកសំឡេងឆ្នោត ក៏ដូចជាក្បួនបាតុកម្ម​របស់គណបក្សសង្រ្គោះជាតិ (CNRP) កាលពីឆ្នាំ២០១៣កន្លងទៅនោះ មិនមានវត្តមានក្នុងក្បួនឃោសនារកសំឡេងឆ្នោត​របស់គណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧នេះទៀតឡើយ។ អវត្តមានរបស់កញ្ញា សូ ធារ៉ា ក្នុងក្បួនឃោសនារកសំឡេងឆ្នោត​ជូនបក្សនៅឆ្នាំ២០១៧នេះ ធ្វើឲ្យអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ ជេរប្រមាថយ៉ាងចាស់ដៃ និង តិះដៀលយ៉ាង​អសុរសថា កញ្ញា ធារ៉ា ជាជនលក់ឧត្តមគតិ លក់ក្បាល និងជាជនជាតិយួនជាដើម។

កាលពីឆ្នាំ២០១៣កន្លងទៅ កញ្ញា សូ ធារ៉ា គេតែងបានឃើញមុខស្ទើរគ្រប់កម្មវិធី​របស់គណបក្សសង្រ្គោះជាតិ​ទាំងក្នុង​យុទ្ធនាការឃោសនារកសំឡេងឆ្នោត និង ក្នុងពេលគណបក្សសង្រ្គោះជាតិធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតផងដែរ។ តែមួយរយៈចុងក្រោយនេះ ជាពិសេសនៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧នេះ កញ្ញា ធារ៉ា មិនបានបង្ហាញវត្តមាននៅក្នុងក្បួនឃោសនា របស់គណបក្សសង្រ្គោះជាតិ ទៀតនោះឡើយ ប៉ុន្តែបែរសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ នាំគ្នាជេរប្រមាថកញ្ញាថា «ជនក្បត់ជាតិ និងលក់ក្បាលឲ្យយួន» ទៅវិញ។  

នៅក្នុងវិដេអូរផ្សាយតាមរយៈ Facebook នារាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ កញ្ញា ធារ៉ា បានចេញមុខមកបកស្រាយ​ទាំងឈឺចាប់ថា ការដែលកញ្ញា បាត់មុខពីក្បួនឃោសនារបស់គណបក្សសង្រ្គោះជាតិនេះ គឺដោយសារមានមនុស្ស​ដែលស្រឡាញ់កញ្ញា និងចង់បានកញ្ញាធ្វើជាគូអនាគតស្នើឲ្យកញ្ញាឈប់ចូលរួម ក្នុងឆាកនយោបាយទៅទៀត។ សំណើនេះក៏ព្រោះតែគូជីវិតរបស់កញ្ញាព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់កញ្ញាតែម្តង។ កញ្ញា ធារ៉ា បានបញ្ជាក់ថា ការចាកចេញ របស់កញ្ញា មិនបានចុះចូលទៅគណបក្សនយោបាយដទៃណាមួយនោះឡើយ ហើយទឹកចិត្ត​និងឧត្តមគតិរបស់កញ្ញា ចំពោះជាតិមាតុភូមិ ក៏មិនបានបាត់បង់ នោះដែរ។

តែជាការសោកស្តាយក្នុងវីដេអូផ្សាយបកស្រាយពីហេតុផល ក្នុងការឈានជើងដើរចេញពីគណបក្សសង្រ្គោះជាតិនេះ មិនត្រូវបានស្វាគមន៍ ដោយអ្នកគាំទ្រ និងសកម្មជនរបស់គណបក្សសង្រ្គោះជាតិនោះឡើយ។ ក្រុមសកម្មជន និងអ្នកគាំទ្រ​របស់គណបក្សសង្រ្គោះជាតិ បានចូលទៅជេរប្រមាថ និងតិះដៀលជាមួយ ពាក្យពេចន៍អសុរោះយ៉ាងច្រើនដូចជា ពាក្យថា លក់ក្បាល លក់ខ្លួន លក់ឧត្តមគតិ ក្បត់ជាតិ និង ជាជនជាតិយួនជាដើម។

ដោយទ្រាំការជេរប្រមាថដ៏ធ្ងន់ធ្ងរពីសំណាក់អតីតអ្នករួមដំបូលបក្សមិនបាននោះ កញ្ញា សូ ធារ៉ា ក៏បាននិយាយបើក​កកាយរឿងរ៉ាវ​ជាច្រើន ដែលកញ្ញាធ្លាប់បានបូជា ដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិនាពេលកន្លងទៅ។ កញ្ញា ធារ៉ា បានរំលឹកថា មុនពេលចូលរួមសកម្មភាពជាមួយគណបក្សសង្រ្គោះជាតិ កញ្ញា មានរថយន្តជិះ និងមានលុយចាយ​ពេញៗដៃផងដែរ ដែលជាចំណូលបានមកពីការងារសិល្បៈរបស់កញ្ញា។ តែក្រោយពេលចូលធ្វើសកម្មភាព​ជាមួយគណបក្សសង្រ្គោះជាតិ សកម្មភាពសិល្បៈ ជាច្រើនត្រូវបានបាត់បង់ ហើយជីវភាពក៏ជួបការលំបាកផងដែរ។

កញ្ញា ធារ៉ា បានបន្តជាមួយភាពឈឺចាប់រហូតដល់ស្រក់ទឹកភ្នែកថា ក្រោយពេលកញ្ញា ជួបការលំបាកក្នុងជីវភាព មិនមានអ្នកគាំទ្រ ឬថ្នាក់ដឹកនាំរបស់គណបក្ស សង្រ្គោះជាតិណាម្នាក់ចេញ មកឈឺឆ្អាល និងជួយទុក្ខធុរៈរបស់​កញ្ញានោះឡើយ។ មនុស្សមួយចំនួននៅក្នុងគណបក្សសង្រ្គោះជាតិនេះ ថ្លែងស្រឡាញ់ និងស្នេហាជាតិតែលើ​បបូរមាត់តែប៉ុណ្ណោះ តែធាតុពិតមិនមាននោះឡើយ។ កញ្ញា ធារ៉ា បានរំលឹកពីរឿងរ៉ាវឈឺចាប់ជាច្រើនទៀត ដែលកញ្ញាបានជួបប្រទះក្នុងពេល រស់នៅក្នុងដំបូលរបស់គណបក្សសង្រ្គោះជាតិ។ កញ្ញា ធារ៉ា ក៏បានសូមឲ្យអ្នកគាំទ្រ​គណបក្សសង្រ្គោះជាតិ ដែលសុទ្ធតែជាធ្លាប់រួមការងារជាមួយគ្នានោះ មេត្តាផ្តល់ឱកាសឲ្យកញ្ញា បានដើរចេញពីបក្ស ដើម្បីសាងជីវិតថ្មី។

សូមស្តាប់ការរៀបរាប់អំពីការឈឺចាប់កញ្ញា សូ ធារ៉ា៖