(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍កំបូល ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំ០៥កញ្ចប់ ម៉ូតូ០២គ្រឿង និងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
នគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទី១៖ឈ្មោះ ផាត់ សាវឿន អាយុ៣១ឆ្នាំ (ម្ចាស់ថ្នាំ), ទី២៖ឈ្មោះ ធី វណ្ណា អាយុ២៦ឆ្នាំ និងទី៣៖ឈ្មោះ តី ហឿន អាយុ១៨ឆ្នាំ រួមទាំងវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ម៉ូតូ២គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
មន្ត្រីនគរបាលដដែល បានបន្តថា នៅមុនពេលចុះបង្ក្រាបដោយ មានប្រជាពលរដ្ធល្អបានរាយការណ៍ថា នៅចំណុចទីតាំងខាងលើ ថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឆ្មក់ចូលបង្ក្រាប់ជាក់ស្តែងតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ចូនមកកាន់ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕