(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា គោលនយោបាយដែលថា នឹងផ្តល់ប្រាក់ ចំនួន៥០ម៉ឺនដុល្លារ ១ឃុំ ក្នុង១ឆ្នាំ របស់គណបក្សប្រឆាំង គឺជាគោលនយោបាយបានត្រឹមតែសន្យា មិនអាចក្លាយជាការពិតនោះទេ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានសរសេរយ៉ាងដូច្នោះថា «សូមមេត្តាគិតគូរ​ ពិចារណា​ ប្រសិនជាការបោះឆ្នោតនោះ ដោយផ្អែកតាមគោលនយោបាយសន្យាផ្តល់លុយ កន្លះលានមួយឃុំៗនេះ ​វាទៅរួចទេ! វាមិនដែលអ្នកណាអាចកាត់ខោអាវ តែមួយលេខ​ស្លៀកពាក់បានគ្រប់ឃុំនោះទេ!!​ ក្តីលោភលន់លុយហួសប្រមាណ​ គឺនាំមកនូវក្តីវិនាស!។ គោលនយោបាយសន្យាហ្នឹង មានបោះលុយចាយ​ និងគោលនយោបាយកំណត់ចំនួន​ទឹកលុយសំរាប់ចាយ​!​ ប្រហែលជា​ ដៀតែខ្នូច​ ដូចតែគ្នា!!​ អត់ដដែល!!»។​

ដើម្បីទាក់ទាញសំឡេងឆ្នោតពីប្រជាពលរដ្ឋ គណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ បានដាក់ចេញនូវគោលនយោបាយអាទិភាពចំនួន៥ចំណុច ផ្តោតសំខាន់លើការផ្តល់ សិទ្ធិអំណាចក្នុងការសម្រេចទៅដល់មេឃុំ ឬចៅសង្កាត់។ ក្រៅពីគោលនយោបាយអាទិភាពទាំង៥ចំណុចទៅ គណបក្សប្រឆាំងធំជាងគេនៅកម្ពុជាមួយនេះ ក៏បានប្រកាសផ្តល់ថវិកា ៥០ម៉ឺនដុល្លារសម្រាប់មួយឃុំ/សង្កាត់ ដើម្បីអភិវឌ្ឍន៍ឃុំ/សង្កាត់ ឲ្យបានកាន់តែល្អប្រសើរ នៅពេលបក្សនេះ ឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាល។

លោកអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានបញ្ជាក់ថា គ្មានប្រទេសកាន់លទិ្ធប្រជាធិបតេយ្យច្រើនលើលោកនេះ​ អាចសន្យាចំនួនទឹកលុយសម្រាប់ចាយច្បាស់ៗ ដូចគណបក្សមួយនៅកម្ពុជា​ ដោយនៅទូទាំងប្រទេស ចាយលុយស្មើៗគ្នា ក្នុងរយៈពេលស្មើៗ​គ្នា នៅកន្លែងខុសៗគ្នាអស់លុយកន្លះៗលានដុល្លា​រ (៥០ម៉ឺន​=​៥០០,០០០​ ដុល្លារ)​មួយឆ្នាំៗ​រយៈពេល៥ឆ្នាំ ស្មើ២លាន៥សែនដុល្លារក្នុងមួយឃុំៗនោះទេ»។

លោកថា «ប្រហែលអ្នករៀបចំគោលនយោបាយគេយល់ថា​ ប្រជាពលរដ្ឋខែ្មរជាពិសេសប្រជាជនតាមជនបទនិងអ្នកក្រីក្រ​ លឺចំនួនទឹកលុយច្រើនៗ អាចរំភើបលោភលន់ ចង់បាននិងមានចំណង់គាំទ្រ។​ ខែ្មរលឺចំនួនលុយច្រើនមិនបានទេ​ ដឹងតែចង់បានអញ្ចឹងហ្ន!!»៕