(ភ្នំពេញ)៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំ មនុស្សជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះ ត្រូវបានព្យាករថានឹងកើនឡើងដល់ជាង៨ លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយឲ្យបានរឹងមាំទេ។
នេះបើតាមរបាយការណ៍ របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា ការប្រើប្រាស់ថ្នាំជក់គឺជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ កំរិតនៃការអប់រំ ឡើយ។ ការប្រើប្រាស់ថ្នាំជក់នាំមកនូវទុក្ខវេទនា ជំងឺនិងការស្លាប់ គ្រួសារក្រីក្រ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ក្នុងរបាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបន្ថែមទៀតថា ទំនាក់ទំនងរវាងថ្នាំជក់ និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈកិច្ចសម្ភាស ជាមួយអ្នកជក់បារីមួយចំនួនកាលពីពេលកន្លងមក យើងបានកត់សម្គាល់ថា ចំណាយរបស់ពួកគេ ទៅលើការជក់បារី ក្នុង១ថ្ងៃប្រហាក់ប្រហែល ឬច្រើនជាងការចំណាយទៅលើបាយ១ពេល។ គំហើញនេះស្របទៅនឹង ទិន្នន័យចំណាយសរុបរបស់ប្រជាជនកម្ពុជា លើការទិញបារីស្មើនឹង ជាង២០០លានដុល្លារអាមេរិច ដែលតម្លៃនេះអាចទិញអង្ករគុណភាពល្អបានប្រមាណជាង ៣០ម៉ឺនតោន (វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ)។
បន្ថែមពីនេះ យោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិ លើកកំពស់សុខភាពនៃក្រសួងសុខាភិបាល បានរកឃើញថា ចំណាយទៅលើការព្យាបាលជំងឺ៥មុខ ដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់ ស្មើនឹង១៦២លានដុល្លារអាមេរិកនៅឆ្នាំ២០១៣។
ចំណាយដ៏ធំធេងនេះ គឺជាកត្តាលីករជំរុញអោយពលរដ្ឋកម្ពុជាធ្លាក់ចូលក្នុងភាពក្រីក្រ។ ការចំណាយ ទៅលើបារីឬថ្នាំជក់ ត្រូវបានរកឃើញថា ត្រូវបានដកពីចំណាយនៃតំរូវការចាំបាច់ ក្នុងគ្រួសារដូចជា៖ ចំណីអាហារ សម្លៀកបំពាក់ ការអប់រំជាដើម ជាពិសេស ក្នុងគ្រួសារដែលមានចំណូលទាប។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងផងដែរថា «នេះបណ្ដាលឲ្យសមាជិក ដែលរស់ក្នុងគ្រួសារ ចំណូលទាបនិងមធ្យម ដែលមានអ្នកជក់បារី ប្រឈមនឹងបញ្ហាកង្វះ អាហារូបត្ថម្ភ។ នេះជាទឡ្ហីករដែលបញ្ជាក់ថា ថ្នាំជក់គឺជាឧបសគ្គ ដែលរាំងស្ទះដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលយើងឃើញថាកម្ពុជា បាត់បង់ធនធានមនុស្ស១ម៉ឺននាក់ ក្នុង១ឆ្នាំៗ ដោយសារការប្រើប្រាស់ថ្នាំជក់៕