(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បានអញ្ជើញបើកការដ្ឋានសាងសង់សាលាសង្កាត់ចំនួន៤ និងប៉ុស្តិ៍នគរបាល១ ក្នុងនោះរួមមាន៖ សង្កាត់កំពង់រទេះ សង្កាត់កំពង់ធំ សង្កាត់ស្រយ៉ូវ សង្កាត់កំពង់ក្របៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ចៅសង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍ចៅសង្កាត់រួចមក លោក សុខ លូ បានលើកឡើងថា កន្លងមកនេះថវិកាឃុំ-សង្កាត់ មិនត្រូវបានអនុញ្ញាតឲ្យសាងសង់ សាលាឃុំសង្កាត់ទេ គឺសម្រាប់តែចំណាយទៅទៅលើការបម្រើសេវាសាធារណៈ ដូចជា៖ សាងសង់សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ជាដើម។ ប៉ុន្តែរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មិនទុកចោលរហូតនោះទេ គឺបានគិតគូរថាតើ សាលាសង្កាត់គួរសាងសង់នៅពេលណា? ជាឱកាសដ៏ល្អ ក្នុងពេលមួយបច្ចុប្បន្ននេះ ដោយសេដ្ឋកិច្ចជាតិមានកំណើន៧ភាគរយទើបធ្វើ ឲ្យកម្រិតថវិកាជាតិសម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ត្រូវបានកើនឡើងជាបន្តបន្ទាប់ ហេតុដូចនេះទើបខេត្តមានលទ្ធសាងសង់សំណង់ទាំងនេះបាន។
សម្រាប់ខេត្តកំពង់ធំ ក្នុងឆ្នាំ២០១៧នេះ ទទួលបានការសាងសង់សាលាសង្កាត់ចំនួន១០ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១ ក្នុងនោះមាន ក្រុងស្ទឹងសែន ចំនួន៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១, ស្រុកបារាយណ៍ចំនួន២, ស្រុកសន្ទុកចំនួន១, ស្រុកកំពង់ស្វាយចំនួន១ និងស្រុកស្ទោងចំនួន២ ។ សម្រាប់ស្រុកផ្សេងទៀត ដែលមិនទាន់មានសាលាឃុំ រាជរដ្ឋាភិបាលនឹងរៀបចំធ្វើជាបន្តបន្ទាប់។ គណបក្សប្រជាជនមិនដែលដើរសន្យាចោលនេះទេ គឺធ្វើអ្វីទៅតាមកម្រិតលូតលាស់របស់ថវិកាជាតិដែលយើងមាន មិនមែនចេះតែនឹងឃើញថាចោល ធ្វើមិនកើតនោះទេ?
លោកបានបញ្ជាក់ថា «ការបម្រើសេវាសាធារណៈនៅតាមឃុំ-សង្កាត់ វិញ មានលក្ខណៈល្អប្រសើរ ហើយឥឡូវនេះនៅតាមភូមិនីមួយៗ គឺមានការអភិវឌ្ឍផ្លូវលំខ្វាត់ខ្វែង ហើយឈានទៅចាក់ផ្លូវកៅស៊ូ និងបេតុងទៀតផង។ សម្រាប់ខេត្តកំពង់ធំយើងនេះ រដ្ឋបាលខេត្តនឹងបន្តធ្វើការ កែលម្អសោភ័ណ្ឌភាពក្នុងខេត្ត និងតាមសួនច្បារមួយចំនួន ឲ្យមានលក្ខណៈកាន់តែប្រសើរឡើងថែមទៀត ជាពិសេសគឺក្រុងស្ទឹងសែន។ បងប្អូនដឹងហើយគណបក្សមួយចំនួន តែងតែដើរឃោសនាដើម្បីយកសន្លឹក ឆ្នោតគេថា បើគេឈ្នះឆ្នោតផ្តល់ថវិកាជូនមនុស្សចាស់៨ម៉ឺនរៀល និងផ្ទេរថវិកាជាតិ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំទៅឲ្យឃុំ-សង្កាត់នីមួយៗ ដែលថវិកាជាតិមិនអាចដោះស្រាយបាននោះទេ។ ដូចលោក កឹម សុខា បានប្រកាសលុបចោលក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រសួងមួយបានបំពេញភារកិច្ចការងារ អភិវឌ្ឍន៍ដ៏ល្អនៅមូលដ្ឋានឲ្យមានការរីកចម្រើន លើវិស័យជាច្រើន ដូចជា៖ ការអភិវឌ្ឍផ្លូវលំជនបទ ការអនុវត្តគម្រោងសេវាអគ្គិសនី ទឹកស្អាត អណ្តូងទឹក ស្រះទឹក ប្រព័ន្ធធារាសាស្ត្របម្រើជីវភាព ប្រជាជននៅជនបទ ដែលថវិកាចំណាយទាំងនេះមានចំនួនច្រើនជាង៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំរួចទៅហើយ»។
ជាចុងបញ្ចប់លោក បានផ្តាំផ្ញើរដល់បងប្អូនទំាងអស់កុំជឿ លើការឃោសនាអកុសលរបស់គណបក្សមួយចំនួន ជាពិសេសកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីជ្រើសរើសគណបក្សណា ដែលបងប្អូនពេញចិត្ត ជាពិសេសគឺជ្រើសរើស មេឃុំ ចៅសង្កាត់ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបន្តដឹកនាំ និងរក្សាសុខសន្តិភាពបន្តទៀត៕