(កណ្តាល)៖ ផ្លូវបេតុង ៣ខ្សែ និងផ្លូវក្រាលកម្ទេចថ្មមួយខ្សែទៀតប្រវែងសរុប ១.៥១៨ ម៉ែត្រ ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានលោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងការងារក្នុងស្រុកកោះធំ របស់គណបក្សប្រជាជនកម្ពុជា បើកដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាមួយសម្រែកសាទរយ៉ាងកងរំពងពីប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ផ្លូវនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នេះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមការងារគណបក្ស ប្រជាជនកម្ពុជានៅក្នុងស្រុកកោះធំ នឹងប្រឹងប្រែងធ្វើផ្លូវក្នុងភូមិ នៅស្រុកកោះធំ ឲ្យក្លាយទៅជាផ្លូវបេតុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងងាយស្រួលដឹកជញ្ជូនកសិផលទៅលក់នៅទីផ្សារ។
លោក ស៊ុន ចាន់ថុល ដែលកំពុងមានប្រជាប្រិយភាពតាមរយៈសកម្មភាពធ្វើកំណែទម្រង់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងក្រសួង ពាណិជ្ជកម្ម និងក្រសួងសាធារណការនោះ បានថ្លែងថា រូបលោកកំពុងខិតខំប្រឹងប្រែងកក្នុងការចូលរួមអភិវឌ្ឍន៍ និងប្រែក្លាយស្រុកកោះធំ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស។ លោកបន្តថា លោកនឹងអញ្ជើញអ្នកវិនិយោគជប៉ុន ឲ្យទៅសិក្សាផ្ទាល់ក្នុងស្រុកកោះធំ។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសាងសង់ផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ននានា ជាពិសេសសមិទ្ធិផលដ៏មហាសាលនៅក្នុងស្រុកកោះធំនេះ មានដូចជា ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ១១០ និងស្ពានកោះធំ ព្រមទាំងស្ពានជ្រៃធំជាដើម...។ល។
«សមិទ្ធិផលទាំងនេះ បានប្រសូត្រចេញពីសុខសន្តិភាពសង្គម និងសន្តិសុខនយោបាយ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។ លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែម។
ក្រៅពីការលើកឡើងបង្ហាញនូវសមិទ្ធិផលកើតចេញពីកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នេះ និងនៅឆ្នាំ២០១៨ ដើម្បីទទួលបាសមិទ្ធិផលថ្មីៗបន្ថែមទៀតទាំងនៅតាមមូលដ្ឋាន និងនៅថ្នាក់ជាតិ។
លោក ស៊ុន ចាន់ថុល បានគូសរំលេចពីស្នាដៃ និងសមិទ្ធិផលជាច្រើន ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ លោកថា គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេសពីប្រទេសមានចំណូលទាប ទៅប្រទសមានចំណូលមធ្យមកម្រិតទាប និងបន្តបន្ទាប់ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ តាមរយៈការបន្តការកសាងហេដ្ឋារចនាសម្ព្ធ័នរូបវន្ត ការកាត់បន្ថយថ្លៃអគ្គិសនី ថ្លៃទឹក កាត់បន្ថយសេវាដឹកជញ្ជូន បង្កើនផលិតផលកសិកម្ម ពង្រីកទីផ្សារកសិកម្ម បង្កើតឧស្សាហកម្មធុនតូច និងមធ្យមជាដើម ព្រមទាំងកំណែទម្រង់ផ្សេងៗទៀត។ល។
លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ឲ្យបានគ្រប់គ្នា៕