(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានថ្លែងថា ពាណិជ្ជកម្មពិតជាមានសារសំខាន់សម្រាប់កម្ពុជា ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា កាន់តែប្រសើរឡើង។
លោកថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអន្តរតំបន់ ស្តីពីជំនាញសម្រាប់ពាណិជ្ជកម្ម និងការទទួលបានការងារធ្វើ និងការរីកចម្រើនប្រកបដោយបរិយាប័ន្ន នាខេត្តសៀមរាប។
លោកបណ្ឌិតថ្លែងយ៉ាងដូច្នេះថា «ពាណិជ្ជកម្មពិតជាមានសារសំខាន់សម្រាប់កម្ពុជា ជាពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាព ប្រជាជនកម្ពុជា កាន់តែប្រសើរឡើង ហើយកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប្រទេសកម្ពុជា ទទួលបានការរីកចម្រើនជាលំដាប់ ដែលមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម៧ភាគរយ»។
លោកបន្តថា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា កំពុងឈានដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មីមួយទៀត ពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្ដូរ ជារចនាសម្ព័ន្ធ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើ វិស័យឧស្សាហកម្ម។ ក្នុងក្របខណ្ឌនេះ កម្ពុជាបានខិតខំធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ប្រកបដោយបរិយាប័ន្ន និងចីរភាព ដែលជាមូលដ្ឋានសម្រាប់ការបង្កើតការងារ និងឱកាសរកប្រាក់ចំណូលសមរម្យ ព្រមទាំងការបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើនជីវភាពរស់នៅរបស់ប្រជាជន។
ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូប ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតការងារសមរម្យ និងផលិតភាពខ្ពស់ជូនពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌។
គោលនយោបាយនេះ មានគោលបំណងក្រោមសរសរស្តម្ភចំនួន៣សំខាន់ៗ រួមមាន៖
១៖ ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់
២៖ ការជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស
៣៖ ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
គោលនយោបាយនេះ មិនត្រឹមតែជាមគ្គទេសក៍ជំរុញការអភិវឌ្ឍវិស័យមុខរបរ និងការងារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្របខណ្ឌរួមមួយ សម្រាប់ស្ថាប័នពាក់ព័ន្ធនានាធ្វើសកម្មភាព ដោយមានការសម្របសម្រួលទៅតាមគោលដៅរួម និងមានការទទួលខុសត្រូវច្បាស់លាស់ជាពិសេសគោលនយោបាយនេះ ក៏នឹងចូលរួមចំណែកអនុវត្តគោលដៅអាទិភាពទី៣ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៨ គឺការពង្រឹង និងបន្តអភិឌ្ឍន៍យន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ ដើម្បីរក្សាស្ថិរភាពនៃការផ្គត់ផ្គង់កម្លាំងពលកម្ម, លើកកម្ពស់ផលិតភាព និងកែលម្អកម្រឹតជីវភាពរបស់ពលករ តាមរយៈការជំរុញការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលជំនាញ ការពង្រឹងយន្តការកំណត់ប្រាក់បៀវត្សអប្បបរមា និងការពង្រឹងសុខដុមនីកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍ឥរិយាបថវិជ្ជមានរបស់សហជីព និងព្រហ្មវិហារធម៌របស់និយោជក ចំពោះនិយោជិត តាមរយៈយន្តការមានស្រាប់បច្ចុប្បន្ន រួមជាអាទិ៍ គណៈកម្មាធិការប្រឹក្សាការងារ និងគណៈកម្មាធិការផលិតភាពកម្ពុជា។
ជាងនេះទៅទៀត នៅក្នុងក្របខណ្ឌអាស៊ាន ក្រោមការយកចិត្តទុកដាក់លើលំហូកម្លាំងពលកម្មជំនាញដោយសេរី រដ្ឋភាគីបានបង្កើតឱ្យមានកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangement-MRA) ដោយផ្តោតសំខាន់លើជំនាញចំនួន៨ គឺវិស្វកម្ម ស្ថាបត្យកម្ម វាស់ស្ទង់ គិលានុបដ្ឋាករ វិជ្ជសាស្ត្រ ទន្តពេទ្យ គណនេយ្យករ និងទេសចរណ៍។ ការបម្លាស់ទីក្នុងជំនាញនីមួយៗ ត្រូវឆ្លងកាត់ប្រព័ន្ធចុះបញ្ជីអ្នកជំនាញអាស៊ាន (ASEAN Registration System) និងគោរពទៅតាមបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌនានារបស់ប្រទេសម្ចាស់ផ្ទះ (Host Country) ដែលជ្រើសរើសអ្នកជំនាញ។
លោកបញ្ជាក់ថា អ្នកជំនាញត្រូវឆ្លងកាត់ការ បណ្តុះបណ្តាល និងវាយតម្លៃផ្អែកលើសមត្ថភាព ស្របតាមស្តង់ដាសមត្ថភាពរួមរបស់អាស៊ាន (ASEAN Common Competency Standard) ដែលឆ្លើយតបទៅនឹងកម្រិតគុណវុឌ្ឍិជាក់លាក់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (Mutual Recognition Arrangement-MRA)៕