(ភ្នំពេញ)៖ ក្រុមហ៊ុន អេស ស៊ី ជី ជាក្រុមហ៊ុនឈានមុខគេ ក្នុងតំបន់អាស៊ាន បានប្រកាសក្នុងសន្និសីទកាសែត នៅថ្ងៃទី៣០ឧសភានេះថា ក្រុមហ៊ុននឹងបន្តរៀបចំកម្មវិធីអាហារូបករណ៍ «អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ» ក្នុងឆ្នាំនេះជាថ្មីម្តងទៀត ដោយកម្មវិធីអាហារូបករណ៍នេះ ត្រូវបានក្រុមហ៊ុនអនុវត្តសម្រាប់សិស្សវិទ្យាល័យរដ្ឋថ្នាក់ទី ១០ ១១ និង១២ ជាច្រើនឆ្នាំជាប់គ្នាមកហើយ ។
សន្និសីទកាសែតនេះ មានវត្តមានចូលរួមពីសំណាក់ លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ, លោក Nattavudh Photisara ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតថៃ ប្រចាំនៅកម្ពុជា ក៏ដូចជាមានការចូលរួមពី លោក Somwang Manpimonchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Kampot Cement Co., Ltd ព្រមទាំងមន្រ្តី និងបុគ្គលិក អេស ស៊ី ជី ជាច្រើនទៀត ។
លោក Somwang Manpimonchai បានថ្លែងថា «នៅឯក្រុមហ៊ុន អេស ស៊ី ជី យើងជឿថា ការអប់រំ ជាគន្លឹះសម្រាប់កំណើនប្រកបដោយនិរន្តរភាព ជាពិសេសសម្រាប់តំបន់អាស៊ានយើង ។ ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេស ស៊ី ជី បានរៀបចំកម្មវិធីអាហារូបករណ៍ «អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ» ដែលជាកម្មវិធីសកម្មភាពសង្គមមួយរបស់យើង ដើម្បីផ្តល់ឱកាសដល់កុមារនៅកម្ពុជា តាមរយៈការផ្តល់រង្វាន់អាហារូបករណ៍ដើម្បីពួកគេអាចបន្តការសិក្សាឲ្យបានខ្ពស់ ដោយរហូតមកដល់ពេលនេះ តាមរយៈកម្មវិធីនេះយើងបានផ្តល់អាហារូបករណ៍សរុប ៤៥០កន្លែង ទៅដល់សិស្សវិទ្យាល័យកម្ពុជា ដែលជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅសម្រាប់សហគមន៍ទាំងអស់ ដែលយើងធ្វើប្រតិបត្តិការ »។
លោកបន្ថែមទៀតថា «ឆ្នាំនេះ យើងបានពង្រីកឱកាសសិក្សាបន្ថែមទៀតដល់សិស្សកម្ពុជា ព្រោះ អេស ស៊ី ជី បានបង្កើនចំនួនអាហារូបករណ៍ច្រើនជាងមុន គឺឡើងដល់២៥០រង្វាន់ សម្រាប់សិស្សវិទ្យាល័យ ដែលលក្ខណៈសម្បត្តិ និងវិន័យល្អ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ នេះ យើងសង្ឃឹមថា តាមរយៈកម្មវិធីនេះ សិស្សកាន់តែច្រើន នៅកម្ពុជានឹងអាចបន្តស្វែងរកអនាគតភ្លឺស្វាង ឈោងចាប់ក្តីសុបិន្តរបស់ពួកគេ និងក្លាយជាសរសរគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិនៅពេលអនាគត ។
លោក យក់ ង៉ុយ ដែលតែងបានសម្តែងក្តីគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុវត្តកម្មវិធីនេះនៅកម្ពុជា បានថ្លែងសាទរចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបានបន្តលើកកម្ពស់ការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍ «អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ» នេះ ដែលកន្លងមកបានចូលរួមចំណែក លើកស្ទួយដោយផ្ទាល់នូវជីវភាពសិស្សវិទ្យាល័យខ្សត់ខ្សោយរាប់រយនាក់ និងជះឥទ្ធិពលជាវិជ្ជមានដោយប្រយោលដល់មនុស្សជាច្រើនពាន់នាក់ទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។
លោក Nattavudh Photisara ក៏បានសម្តែងក្តីកោតសរសើរចំពោះកម្មវិធីនេះផងដែរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំនៅកម្រិតវិទ្យាល័យ ព្រោះវាគឺជាជំហានសំខាន់មួយសម្រាប់សិស្សជាច្រើននៅកម្ពុជា ដែលអាចជំរុញឲ្យសិស្សបន្ត និងបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបន្តលើកស្ទួយសិស្ស និងវិស័យអប់រំនៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។
ក្នុងការដាក់ពាក្យសម្រាប់កម្មវិធីនេះ សិស្សត្រូវសរសេរសំណេរតែងសេចក្តីអំពីប្រធានបទមួយ ដែលប្រធានបទសម្រាប់ឆ្នាំនេះគឺ «ក្តីស្រមៃរបស់ខ្ញុំ អនាគតរបស់ខ្ញុំ និងរបៀបដែលខ្ញុំធ្វើជាមនុស្សល្អ» ដែលក្នុងនោះសិស្សត្រូវរៀបរាប់អំពីជីវិតប្រចាំថ្ងៃ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាសុបិន្ត និងបំណងរបស់ពួកគេ ក្នុងការធ្វើជាមនុស្សល្អ ស្វែងរកអនាគតភ្លឺស្វាង និងចូលរួមអភិវឌ្ឍសង្គមរបស់ខ្លួន ។
កម្មវិធីអាហារូបករណ៍ «អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ» ជាគម្រោងសកម្មភាពសង្គមដ៏ធំមួយរបស់ក្រុមហ៊ុន អេស ស៊ី ជី ដែលបាននិងកំពុងអនុវត្តនៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ ។ នៅក្នុងតំបន់អាស៊ាន កម្មវិធីនេះបានផ្តល់អាហារូបករណ៍ដល់សិស្សជាង ៥ពាន់នាក់រួចមកហើយ រួមមាន កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ វៀតណាម ហ្វីលីពីន និងថៃ ។ ស្របតាមទស្សនៈវិស័យរបស់ខ្លួន ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅអាស៊ាន និងជាគំរូនៃការប្រតិបត្តិការប្រកបដោយការអភិវឌ្ឍ និងចីរភាព អេស ស៊ី ជី នឹងបន្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ហើយនឹងបង្កើតកម្មវិធីថ្មីៗផ្សេងទៀត ដែលលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនក្នុងសហគមន៍នៅកម្ពុជា៕