(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដឹកនាំដោយលោក ឃុល ភិន អធិការរងទទួលផែនយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្ថិ៍អំពិល បានចុះល្បាតក្នុងភូមិសាស្រ្ត រហូតឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលគជាមុខសញ្ញាចាស់ជួញដូរថ្នាំញៀន។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងនគរបាលបានដកហូតបានវត្ថុតាងគ្រឿងញៀន WY ចំនួន១៥គ្រាប់ ម៉ូតូចំនួន៣គ្រឿង ទូរស័ព្ទដៃចំនួន២គ្រឿង កាបូបលុយ១ និងសំភារៈប្រើប្រាស់មួយចំនួនធំផ្សេងទៀត។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី៣០ ខែឧសភានេះថា ជនសង្ស័យទី១៖ សារឿន តុប ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំបន្ទាយអំពិល វត្ថុតាងឆែកឆេរដកហូតបានរួមមាន ថ្នាំញៀនមេតំហ្វេតាមីន WY ចំនួន២ គ្រាប់ ម៉ូតូ១ គ្រឿង ទី២៖ ឈ្មោះ អ៊ាញ សុចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិរង្សី ឃុំបេង ស្រុកបន្ទាយអំពិល វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន WY ចំនួន០៦គ្រាប់ ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១ គ្រឿង កាបូបលុយ១ អត្តសញ្ញាណប័ណ្ណ០១ សន្លឹក, និងទី៣៖ ឈ្មោះ តុប ផល្លា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាម៉ា ឃុំបេង ស្រុកបន្ទាយអំពិល វត្ថុតាងដកហូតបានរួមមាន ថ្នាំញៀនមេតំហ្វេតាមីន WY ចំនួន០៧ គ្រាប់១ គ្រឿង ទូរស័ព្ទដៃ១ គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នារសៀលថ្ងៃនេះ៕