(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» ដែលបានចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យក្រុមហ៊ុន Arakawa របស់ជប៉ុនរួចរាល់។
គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧នេះ មានប្រពលរដ្ឋចំនួន ៤៦៤គ្រួសារហើយ ដែលបានទៅចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានជួបប្រជុំជាមួយប្រជាពលរដ្ឋ នៃអគារប៊ូឌីញ «ស» ទាំង ៤៩៣គ្រួសារ ជាមួយតំណាងក្រុមហ៊ុន Arakawa។ ក្នុងកិច្ចពិភាក្សានោះ ប្រជាពលរដ្ឋភាគច្រើន បានយល់ព្រមលក់លំនៅដ្ឋានរបស់ខ្លួនក្នុងតម្លៃ ១,៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះ ក្រុមហ៊ុន Arakawa ក៏បានសន្យាផ្ដល់ប្រាក់ ១០០ដុល្លារអាមេរិក ថែមទៀត ជូនប្រជាពលរដ្ឋសម្រាប់ចំណាយ ក្នុងពេលរើសម្ភារៈរបស់ខ្លួន៕